រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា សង្គ្រាមនឹងផ្ទុះឡើង បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ ។ ក្រសួងការពារជាតិចិន បានព្រមានជាថ្មីថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាកោះតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ ឬក៏កម្លាំងខាងក្រៅណាមួយចង់ព្យាយាមយកដែនកោះមួយនេះ ចេញពី ចិនដីគោក ។
ការព្រមានខាងលើធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោក Wu Qian នាឱកាស ចេញផ្សាយសៀវភៅស ស្ដីគោលនយោបាយការពារជាតិ នៅថ្ងៃពុធនេះ ។ លោក Wu បានគូសបញ្ជាក់ដូច្នេះថា៖ «យើងប្រឆាំងជាដាច់ខាត ចំពោះបំណងរបស់ក្រុមផ្ដាច់ខ្លួនដែលចង់ ឱ្យតៃវ៉ាន់មានឯករាជ្យ….ដូច្នេះបើសិនជានរណាម្នាក់ ឬកម្លាំងខាងក្រៅណាមួយចង់យកតៃវ៉ាន់ ចេញពីចិនដីគោក នោះយោធាចិននឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសង្រ្គាមការពារដែន អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន» ។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះក៏បាន អះអាងដែរថាចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដោយសន្តិវិធី ។
គួរបញ្ជាក់ថា ទោះបីជាមិនបានបញ្ជាក់ចំៗឈ្មោះថាកម្លាំងខាងក្រៅនោះ ជានរណាឱ្យប្រាកដ ក៏ដោយ ក៏គេដឹងថាលោក Wu Qian ចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលទើបតែប្រកាស លក់អាវុធមានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ ។ ការលក់អាវុធនេះត្រូវបានចិន ចាត់ទុកថាជាទង្វើបំផ្លាញស្ថេរភាពសកលលោក៕