ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូខាងក្រោម ឡើងដេកលើបន្ទប់ជួលជាន់ទី១ ព្រឹកឡើង ចោរគាស់ទ្វាររបងដែក យកម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ និស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្មនៅសាលាន័រតុនម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីមានក្រុមចោរគាស់ទ្វាររបងដែកផ្ទះជួល យកម៉ូតូមួយគ្រឿងទៅបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខភូមិទួលសំពៅ សង្កាត់ទួលសង្ក១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ឈាវ ភារុន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជានិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៅសាលាន័រតុនស្នាក់នៅផ្ទះជួល កើតហេតុមានស្រុកកំណើតនៅភូមិអូស្ងូត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ម៉ូតូដែលក្រុមចោរគាស់ទ្វាររបងដែកយកទៅបាត់នោះម៉ាក ហ្យូម័រ ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-7251 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ រូបគេបានទុកម៉ូតូរបស់ខ្លួន រួមទាំងម៉ូតូអ្នកជួលផ្ទះផ្សេងៗទៀតចំនួន៩គ្រឿង ទុកនៅក្នុងបរិវេណផ្ទះជួលមានរបងដែកចាក់សោត្រឹមត្រូវដូចសពដង ហើយរូបគេបានឡើងដេកក្នុងបន្ទប់ជាន់ទី១ ដេកលង់លក់រហូតដល់ព្រឹកឡើង ម៉ោងប្រមាណជាង៥ព្រឹក បានងូតទឹករួចស្លៀកពាក់ខោអាវរៀបចំចេញទៅក្រៅ ចុះមកក្រោមដល់កន្លែងទុកម៉ូតូ ស្រាប់បាត់ម៉ូតូ ហើយបានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ឲ្យជួយអន្តរាគមន៍ ៕ អរុណរះ


ចែករំលែក៖