ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់មើលមិនឃើញ ហើយមនុស្សគ្រប់រូប តែងព្យាយាមជៀសឲ្យផុត ទាំងជំងឺ និងឧប្បត្តិហេតុផ្សេងៗ ក៏ដូចជាខំសាងល្អ ធ្វើបុណ្យសន្សំកុសល ។ ផ្ទុយទៅវិញ អនុភាពកម្មផល ធ្វើឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិត ត្រឹមតែមួយប៉ព្រិចភ្នែក ជាមួយ នឹងមជ្ចធម្មជាតិអំណាចទឹកហូរ ។
ជាក់ស្តែងមានមន្រ្តីយោធា២នាក់ បានសុំច្បាប់លោកមេបញ្ជាការទៅព្យាបាលចំងឺ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ដែលធ្វើសម្រាប់ឲ្យបើកឆ្លងកាត់បណ្តោះអាសន្ន ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តងកាលពីព្រឹកម្សិលមិញ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមគ្រួសារសាច់ញាតិ សមត្ថកិច្ច មិនទាន់រកឃើញនៅឡើយ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ ។
ហេតុការដ៏រន្ធត់នេះ ត្រូវបានគេថតបាន និងត្រូវបានចែកចាយតគ្នាពេញបណ្តាញសង្គម បង្កើតឲ្យមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះ ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា៖ ជនរងគ្រោះទាំងពីរនាក់រួមមាន៖ ទី១-ឈ្មោះ សុខ សុវណ្ណឌី ទី២-ឈ្មោះ ភី នីដាលិ ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង ។
ពេលទឹកគួចយកបុរសទាំង២ មានប្រជាពលរដ្ឋរត់ទៅជួយដែរ តែរកមិនឃើញ ទៅមិនទាន់ ដោយអំណាចទឹកគួចមានល្បឿនលឿនខ្លាំង នាំទាំងមនុស្ស និងម៉ូតូរសាត់តាមទឹកតែម្តង ។
យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង ក៏ព្យាយាមយកទៅព្យាបាល តែជាអកុសលពួកគេបានជួបឧប្បត្តិហេតុដ៏អាក្រក់បែបនេះទៅវិញ៕ មាស សុផាត