ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតអនុព័ន្ធយោធា ចាស់-ថ្មី នៃសាធារណរដ្ឋកូរ៉េ ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក យូន បុមជី (Yoon Beomgi) អនុព័ន្ធយោធាចាស់នៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា និងបានទទួលជួបការសម្តែងការគួរសមរបស់ លោកវរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធាកូរ៉េថ្មី នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ លោក អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ, ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស, ព្រះរាជាណាចក្រកម្ពុជា អនុវត្តពេលវេលាបោះឆ្នោតបានទៀងទាត់ ។ កម្ពុជាប្រកាសមិនទទួលស្គាល់ រាល់ការចោទប្រកាន់ថា កម្ពុជាផ្ដល់ទឹកដីឲ្យកងទ័ពចិនកសាងមូលដ្ឋានកងទ័ព នោះគឺជាការខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

លោក អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរឲ្យមិត្តកូរ៉េ៖ បន្តសហប្រតិបត្តិការល្អលើវិស័យយោធា, សហការល្អជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិកូរ៉េ, ជំរុញឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូនៃប្រទេសយើងទាំងពីរ ដើម្បីទំនាក់ទំនងល្អ, ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងជួយឧបត្ថម្ភសម្ភារបម្រើឲ្យកងទ័ព ទាំងក្នុងកិច្ចប្រតិបត្តិការសង្គ្រោះ និងជំនួយមនុស្សធម៌ ៕


ចែករំលែក៖