ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាល៥នាក់ ដែលសូកប៉ាន់ដើម្បីរត់ការដោះលែងជនជាតិចិន ជាក្រុមចាប់ជំរិតចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវតុលាការចោទប្រកាន់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងប្រាប់ នៅថ្ងៃទី២៥ ខែកក្កដា នេះ ថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល៣នាក់ ដែលACU ចាប់ខ្លួនបញ្ជូនមកតុលាការនិង២នាក់ទៀតកំពុងគេចខ្លួន ពីប«សូកប៉ាន់និងបទរារាំងក្នុងការអនុវត្តច្បាប់» ពាក់ព័ន្ធការរត់ការដោះលែងជនជាតិចិនជាក្រុមចាប់ជំរិតចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ ។

លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បន្តថា បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

ប្រភពព័ត៌មាន បញ្ជាក់ថា មន្ត្រីនគរបាលទាំង៣នាក់ គឺ ម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ។

សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការ នេះ ធ្វើឡើងនាវេលាម៉ោង១០៖៩នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន៦នាក់ , ចិនតៃវ៉ាន់១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ០១គ្រឿង, សាំស៊ុង ០១គ្រឿង,ណូគា ០៦គ្រឿង, អាយផេត ០៤គ្រឿង, កុំព្យូទ័រលេបថប់ ០៥គ្រឿង, ឌែសថប់ ០១គ្រឿង, ព្រីនធើ ០២គ្រឿង, ដុំWifi ០២គ្រឿង, ស្ទិកឃើ ០១គ្រឿង, ទូរស័ព្ទលើតុ ៣៣គ្រឿង (ថ្មី ០៨គ្រឿង), អាយកូម ០៦គ្រឿង, លុយដុល្លារក្លែងក្លាយ ០២ដុំ (៥២សន្លឹក) ៕ ចេស្តា


ចែករំលែក៖