ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រឹវឹងទៅរាវលៀសក្នុងទន្លេបណ្ដាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បានផឹកស្រាស្រវឹងជោគ បែកគំនិតចុះទៅរាវលៀសក្នុងទន្លេ លុះស្អែកឡើងត្រូវគេប្រទះឃើញអណ្ដែតទឹក បង្កការភ្ញាក់នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីជាម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីម្សឹលមិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងជោគ រួចក៏ទៅរាវលៀសនៅទន្លេបាសាក់ ខាងត្បូងកំពង់ចម្លងព្រែកម៉ៅ ហើយក៏បាត់រហូតមិនឃើញត្រឡប់មកវិញទេ ។ លុះស្អែកឡើង ថ្ងៃទី២៥ ខែឆ្នាំដដែល ស្រាប់តែមានប្រជាពលរដ្ឋឃើញអណ្តែតទឹកទន្លេ ភ្លាមនោះ ក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែលមកពិនិត្យ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើ ភ្លាមនោះ កម្លាំងនគរបាលក៏បានចុះមកពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ស្អាងជ័យ


ចែករំលែក៖