ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងសំរាម​១៦០០តោនដល់ណាហើយ

ចែករំលែក៖

ក្នុងនាមខ្ញុំបាទជាប្រជារាស្ត្រខ្មែរចេះតែចង់ដឹងថា តើ​ករណីសំរាម​៨៣កុងតឺន័រ ឬប្រហែល​ជាង១៦០០តោន ដែលដឹកមកដល់កំពង់ផែ​ខេត្តព្រះសីហនុ​​ពីរសប្តាហ៍ទៅហើយនោះ មកដល់វេលានេះ​ វាយ៉ាងម៉េចទៅហើយ? ឬត្រូវកប់បាត់ជាមួយព័ត៌មានដទៃទៀត ដោយមិន​ឲ្យប្រជារាស្ត្រម្ចាស់ស្រុកបានដឹង បានឮផងទេ? ឬមួយក៏សម្រេចតាមផែនការរបស់សមត្ថកិច្ចគយ ដែលថា នឹងត្រូវបញ្ជូនសំរាមនោះ​ទៅប្រទេសដើមវិញហើយ? ប៉ុន្តែ​បើតាម​មន្ត្រីគយ​អះអាងថា មានកិច្ច​ពិភាក្សារវាង​គយ នឹងថៅកែក្រុមហ៊ុន​នាំសំរាមចូលមកនោះ រីឯលទ្ធផលនៃកិច្ចប្រជុំ​ ឬមិនបានប្រជុំយ៉ាងណានោះ មិនត្រូវបានផ្សព្វផ្សាយ​ឲ្យប្រជារាស្ត្រដឹងនោះទេ ។ ប្រការនេះ ធ្វើឲ្យ​ប្រជារាស្ត្រមានកង្វល់​ ហើយ​គិតថា រឿងសំរាមអាចនឹងត្រូវបានលាក់ទុក ។

តើរំពឹងទេថា សំរាមជាង១៦០០តោន សមត្ថកិច្ច​គយខ្មែរមានសមត្ថភាពពេញទំហឹង​​ក្នុងការជំរុញឲ្យក្រុមហ៊ុននាំសំរាមទាំងនោះ​ទៅប្រទេស​ប្រភពដើមវិញឬទេ ។ ក្នុងនាមខ្ញុំបាទ​ជាប្រជាពលរដ្ឋម្នាក់ ដែលតាមដានរឿងសំរាមនេះ សង្កេតឃើញថា បណ្តា​ប្រទេស​អ្នក​មានទ្រព្យធនមួយចំនួន​បានបញ្ចេញសំរាមរបស់គេ​​ទម្លាក់ចូលបណ្តាប្រទេសក្រីក្រ ប៉ុន្តែ​ប្រទេសក្រីក្រខ្លះ​មិនទទួលយក​សំរាម​ទាំងនោះឡើយ ។ ប្រទេសក្រីក្រមួយចំនួនចំណាយពេលយូរគួរសម​ក្នុងការបញ្ជូនសំរាមទៅប្រទេសដើមវិញ ។ សម្រាប់កម្ពុជា​គេមិនទាន់ដឹងថា តើផែនការបញ្ជូនសំរាម​ត្រឡប់ទៅប្រទេសដើមវិញ អាចទទួលបានជោគជ័យដែរឬយ៉ាងណានោះទេ ពីព្រោះលេចឮ​ល្អិចល្ហៀងថា មន្ត្រីខ្មែរ​មានពាក់ព័ន្ធនឹងផលប្រយោជន៍​ក្នុងការអនុញ្ញាត​ឲ្យសំរាម​១៦០០តោននាំចូលមកកម្ពុជានេះ ។ អាជ្ញាធរមានសមត្ថកិច្ច​ព្យាយាម​មិននិយាយ​អំពីបញ្ហាថា តើត្រូវចាត់ចែងសំរាម​ទាំងនោះ​ទៅណាបន្តទៀត ។ សូម្បីតែព័ត៌មានស្តីពីលទ្ធផល​នៃជំនួបជាមួយក្រុមហ៊ុន ដែលនាំសំរាមមកនោះ ក៏មិនឮនិយាយ ។

មិនតែប៉ុណ្ណោះថា តើពិតជាមានជំនួបរវាង​មន្ត្រីអ្នកអនុវត្តច្បាប់ ឬសមត្ថកិច្ចគយ ជាមួយក្រុមហ៊ុននាំសំរាម​ចូលនោះដែរឬទេ? បញ្ហានេះ គួរតែត្រូវបានលាតត្រដាង​ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹង មិនមែនត្រូវលាក់បាំង​ក្នុងចេតនាទុច្ចរិត​ មិនឲ្យរាស្ត្របានដឹង បានឮនោះទេ ។ ផ្ទុយទៅវិញមន្ត្រីមានសមត្ថកិច្ច​ជាពិសេស​គយខ្មែរ ត្រូវគេមើលឃើញថា បាននិងកំពុងព្យាយាមលាក់បាំង​រឿងសំរាម​១៦០០​តោននេះ ព្រោះតែគិតគិតថា មិនអាច​នាំត្រឡប់ទៅប្រទេសដើមវិញ (Sic)។ មិនអាចនាំទៅប្រទេសដើមវិញ ក៏ព្រោះតែ​មន្ត្រីខ្មែរ​ដែលពាក់ព័ន្ធ​នឹងការងារ​នេះ​ទទួលបានលាភសក្ការ ឬពាក់ព័ន្ធនឹងអំពើពុករលួយរួចទៅហើយ ។ ដូច្នេះ មានតែជីកកប់ព័ត៌មាន​ជាមួយនឹងសំរាម​១៦០០តោន​នេះ ដើម្បីកុំឲ្យប្រជារាស្ត្រខ្មែរ​នៅស្រែកតវ៉ាទៀត ។ ឬមួយក៏ត្រូវចំណាយពេល​៥ឆ្នាំ ឬច្រើនជាងនេះ ដើម្បី​នាំសំរាមទាំងនោះ​ត្រឡប់ទៅប្រទេសដើមវិញ? តើពិតជាអាចទេ ដែលប្រទេសដើមទាំងនោះ​ព្រមទទួលសំរាម​របស់គេវិញ ។

ក្នុងនាមប្រជាពលរដ្ឋ​ខ្មែរ មើលឃើញថា វាជាការលំបាក​ក្នុងការនាំសំរាម​យកទៅប្រទេសដើមវិញនោះ ។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការរកអ្នកទទួលខុសត្រូវ​ក្នុងការអនុញ្ញាត​ឲ្យនាំសំរាមទាំង៨៣កុងតឺន័រមកក្នុងប្រទេសកម្ពុជា​ដ៏តូចចង្អៀត​មួយនេះ ។ រាស្ត្រ​ខ្មែរ​ពេញមួយនគរមិនជឿសោះថា មន្ត្រីខ្មែរដ៏ឧត្តុង្គឧត្តម្ភនៃកម្ពុជា​មិនដឹងអំពី​ថា តើ​ទំនិញ​ទាំង៨៣កុងតឺន័រនោះជាសំរាម ។ មិនតែ​ប៉ុណ្ណោះ អាចនិយាយបានថា វាជាការឃុបឃិតគ្នារវាងឈ្មួញ​ នឹងសមត្ថកិច្ច​ជំនាញដើម្បីនាំសំរាមទាំងនោះ ដោយដំបូងឡើយ​ពួកគេទាំងអស់គ្នា​(ទាំងឈ្មួញ និងសមត្ថកិច្ច) ព្រមព្រៀងគ្នាប្រឌិតអំពី​ទំនិញទាំងនោះ​ជារបៀប​ផលិត​ផលពាក់កណ្តាល​សម្រេច ដោយមិនគិតថា វាជាសំរាម ។ ប៉ុន្តែទំហំ​សំរាមធំពេក មិនអាចលាក់ជិត ក៏បំបែករឿងនេះឡើង ។ យ៉ាងណាក៏ដោយ រាស្ត្រខ្មែរសង្ឃឹមថា សំរាមទាំងនោះ​នឹងត្រូវបាននាំត្រឡប់​ទៅប្រទេសដើម (កាណាដា និងអាមេរិក) វិញឆាប់ៗបំផុតនេះ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖