ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ទីរជុំវិញសាលាខេត្តសៀមរាប​និយាយពីរឿង​ទឹកតែ​សម្រាប់លោក ណម ពិសិដ្ឋ

ចែករំលែក៖

ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាបដែលកាន់តំណែង ជាង២០ឆ្នាំមកហើយ គឺលោក ណម ពិសិដ្ឋ កំពុងត្រូវបានគេសង្ស័យថាកំពុងរងការចោទប្រកាន់ស៊ីលុយទឹកតែច្រើនរូបភាពដែលបណ្តាមន្ត្រីរាជការនៅតាមបណ្តាមន្ទីរនិងក្រុមហ៊ុនឯកជនមួយចំនួនបានរអ៊ូរទាំសឹងគ្រប់ៗគ្នា ។ ប្រភពដដែលបន្តថាមន្ទីរអង្គភាពរដ្ឋជុំវិញសាលាខេត្តសៀមរាប និងក្រុមហ៊ុនឯកជនបានបង្ហើបឲ្យដឹងថាលោក ណម ពិសិដ្ឋ តែងតែបានទាមទារតម្លៃទឹកតែពីពួកគេលើការទូទាត់ នៃថវិកាចំណាយលើគម្រោងសាងសង់និងដេញថ្លៃភាស៊ីចងមុងនានាដូចជាបេនទ្បានចុងកៅស៊ូ និងសត្តឃាតដ្ឋានរបស់ឧកញ៉ា ទូច សៀ សុទ្ធតែជាកន្លែងខ្លាញ់ ឬសាច់ជ្រូកបីជាន់។

មន្ត្រីស្និទ្ធនឹងអ្នកកាសែតបានបង្ហើបឱ្យដឹងថា មន្ទីរនិងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទំនិញ, សម្ភារ ឬការសង់សំណង់ នានាដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ត្រូវរំខានចិត្តអំពីការបង់លុយទឹកតែចូលហោប៉ៅបុគ្គលមានអំណាចគឺគ្មាននរណាហ៊ានតវ៉ានោះឡើយព្រោះពួកគេត្រូវការចាំបាច់ទូទាត់រឺបើកលុយឲ្យបានលឿនពីរតនាគារជាតិកម្ពុជា ករណីនេះ គេមិនដឹងថា អភិបាលខេត្តសៀមរាប លោកទៀ សីហា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានដឹងដែរឬទេ? នេះគឺជារឿងអាស្រូវពុករលួយមួយដែលថ្នាក់ដឹកនាំគួរបើកការស្រាវជ្រាវជាបន្ទាន់។

ចំណែក ករណីស្តារស្ទឹងសៀមរាប ដែលលោក ណម ពិសិដ្ឋ សហការជាមួយក្រុមហ៊ុនរាជសី នាគ្រាកន្លងមក មានពាក់ព័ន្ធជាមួយលោក ណម ពិសិដ្ឋ ដោយមានភាពមិនប្រក្រតីជាច្រើន ។ គេរាយការណ៍ថា ថ្មីៗនេះគ្រាន់តែអាចម៍ដី ដែលបានជីកកកាយពីមាត់ស្ទឹងសៀមរាប យកអាចម៍ដីទៅចាក់បំពេញនៅក្នុងដីឡូត៍ ក៏ជារឿងមួយមានភាពមិនប្រក្រតីដែរ ។

ករណីនេះ ត្រូវបានមន្ត្រីសាលាក្រុងសៀមរាបលួចខ្សឹបប្រាប់ថាសកម្មភាពដែលបានធ្វើឡើងក្នុងការស្តារស្ទឹងសៀមរាប ដោយក្រុមហ៊ុនរាជសី មានការពាក់ព័ន្ធនឹងអំពើពុករលួយជាមួយលោក ណម ពិសិដ្ឋ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំខេត្តសៀមរាប មានពាក់ព័ន្ធនឹងបញ្ហានេះជាមួយលោកណម ពិសិដ្ឋ ដែរឬយ៉ាងណានោះទេ ៕


ចែករំលែក៖