ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូបង្រៀនភាសាបរទេសម្នាក់ដេកស្លាប់លើកាំជណ្តើរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិញូវហ្សេឡេនម្នាក់បានដេកស្លាប់នៅលើកាំជណ្តើរផ្ទះជួលមួយកន្លែង បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយផ្ទះលេខ២៨ ផ្លូវដឿងហែម កែង និងផ្លូវ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ John Harrison អាយុ៥៨ឆ្នាំ មុខរបរជាគ្រួបង្រៀននៅវិទ្យាដ្ឋានអន្តរទ្វីបអាមេរិកកាំង មានស្រុកកំណើតនៅប្រទេសញូវហ្សេឡេន ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះធ្លាប់មានជំងឺសសៃប្រសាតយូរឆ្នាំមកហើយ នៅមុនកើតហេតុកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានលេបថ្នាំអស់ចំនួន៦០គ្រាប់ បន្ទាប់មកក៏សន្លប់ស្តូកស្តឹង ត្រូវបានស្ត្រីជាប្រពន្ធ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានគ្រូពេទ្យជួយសង្គ្រោះរួចហើយ ជនរងគ្រោះក៏ធូរស្បើយជាធម្មតារួច ក៏ត្រឡប់មកកន្លែងស្នាក់នៅវិញ លុះដល់ម៉ោងកើតហេតុ រូបគាត់ក៏បានប្រះឃើញជនរងគ្រោះដេកស្លាប់នៅនឹងកាំជណ្តើរផ្ទះជួល​ដោយមិនថា ជនរងគ្រោះស្លាប់តាំងពីពេលណានោះទេ ទើបរូបគាត់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ និងរង់ចាំផ្នែកជំនាញកោសល្យវិច័យពិនិត្យលើសពបន្តទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖