ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះថា មានជនសង្ស័យជាជនជាតិនីសេរីយ៉ា៣នាក់ រួមជាមួយគ្រឿងញៀនជាង២០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរបស់លោកបើកការស្រាវជ្រាវ បង្ក្រាបបានជាក់ស្តែង កាលពីវេលាម៉ោង ២០ និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងផ្ទះយីហោ សំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រត្ដបត្ដិការនេះមានការសម្រប សម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖
-ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។
-ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន ២១កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង , លិខិតឆ្លងដែនចំនួន០៣ក្បាល, សាក់កាដូ(កាបូបស្ពាយ)ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១), ទូរស័ព្ទដៃចំនួន០៤គ្រឿង(SAMSUNGS8+ពណ៌ខ្មៅ០១ ,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១)និង ឯកសារមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចយកមកធ្វើការសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ ៕ ភារ៉ា ដង្កោ