ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបង្កហិង្សា ឈានដល់បង្ករបួសស្នាម ដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០និង១៩នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពសមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ តោះ គប ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ដោយមានទំនាស់ពាក្យសំដីរហូតឈានដល់បង្កហិង្សា យកកាំបិតកាប់ទៅលើជនរងគ្រោះចំនួន ៣ កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ជង្គង់ខាងឆ្វេង និងកជើងខាងស្ដាំ ។
ជនរងគ្រោះឈ្មោះ អែល សៀងអេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ ជាមួយគ្នារងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកបរកែវ ។
ឯជនបង្កហេតុត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់ឃាត់ខ្លួន និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត