ព័ត៌មានទាន់ហេតុការណ៍៖

ចង់ជោគជ័យ លើវិស័យអចលទ្រព្យ ត្រូវដឹងរឿង ៣យ៉ាងនេះច្បាស់បំផុត

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​វិស័យ​ដី​ធ្លី ហើយ​វិស័យ​នេះ​អាច​មាន​សក្ដានុពល​យូរ​អង្វែង​ទៀត​នៅ​កម្ពុជា ព្រោះ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច ហើយ​ប្រទេស​ជា​ច្រើន​កំពុង​សម្រុក​មក​ដាក់​ទុន​វិនិយោគ។ ទោះ​បែប​នេះ​ក្ដី គេ​សង្កេត​​ឃើញ​ថា អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគ​ជ័យ ព្រោះ​គេ​ដឹង​រឿង ៣យ៉ាង​ច្បាស់​បំផុត។

លោក ផន វណ្ណិត ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​រាជសន្តុសិត បាន​លើក​ឡើង​រឿង ៣​យ៉ាង​ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ដឹង​នោះ​គឺ ពេល​វេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ស្គាល់​ទី​តាំង​ភូមិសាស្ត្រ​នៃ​ដី និង​យល់​ច្បាស់​ពី​ព័ត៌មាន។ លោក​បាន​អះ​អាង​ថា អ្នក​ទិញ​ដី មិន​អាច​ចង់​ចំណេញ​ភ្លាម​នោះ​ទេ ត្រូវ​រង់​ចាំ​ពេល​សេដ្ឋកិច្ច​កើន​ឡើង ដី​ក៏​ឡើង​ថ្លៃ​ទៅ​តាម​នោះ​ដែរ។ ចំណែក​ឯ​ការ​ស្គាល់​ទីតាំង និង​ស្វែង​យល់​ព័ត៌មាន រឹត​តែ​មាន​សារៈសំខាន់ សម្រាប់​ការ​ពិចារណា​ក្នុង​ការ​ទិញ​ដី។

ពេល​វេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច

លោក ផន វណ្ណិត បាន​បញ្ជាក់​ថា ការ​ទិញ​ដី មិន​មែន​ចំណេញ​ភ្លាមៗ​នោះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ពេល​វេលា​មក​ដល់ ទើប​លក់​ចំណេញ​បាន​ច្រើន។ សម្រាប់​អ្នក​លោភ​លន់​ខ្លាំង​ពេក គឺ​មិន​អាច​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ឡើយ ព្រោះ​មិន​បាន​សិក្សា​ច្បាស់ ខ្វះ​ភាព​អត់​ធ្មត់ ដែល​ពេល​ខ្លះ​នាំ​ទៅ​ដល់​ការ​ខាត​បង់​ក៏​មាន។ រឿង​ទិញ​ដី​ទុក គឺ​មិន​ចេះ​ខាត​នោះ​ឡើយ ព្រោះ​ដី​មិន​ចេះ​កើត ឯ​មនុស្ស​ចេះ​តែ​កើន។

ការ​ស្គាល់​ទី​តាំង​ភូមិសាស្ត្រ

អគ្គនាយក​ក្រុមហ៊ុន​ដែល​កើត​ចេញ​ពី​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​នៅ​ខេត្ត​ព្រៃវែង​រូប​នេះ បាន​រៀប​រាប់​ទៀត​ថា នៅ​ឆ្នាំ​២០១៦ លោក​ក៏​មាន​ឱកាស​បាន​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​បង់​រំលស់ ហើយ​ក៏​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ទីតាំង​កាន់​តែ​ខ្លាំង ដោយ​លោក​ធ្វើ​ដំណើរ​ញឹក​ញាប់ ស្គាល់​ច្បាស់​គ្រប់​ផ្លូវ​នៅ​ម្ដុំ​ភ្នំ​រាប ភ្នំ​ប្រសិទ្ធ ហើយ​អាច​យល់​ច្បាស់​ថា ពី​ចំណុច​ប្រសព្វ និង​លក្ខណៈ​ពិសេស​នៃ​ដី​នីមួយៗ ទើប​លោក​ទិញ​ដី​ទុក​បាន​ច្រើន លក់​ក៏​បាន​ច្រើន រហូត​បើក​ក្រុមហ៊ុន​ខ្លួន​ឯង។

យល់​ច្បាស់​ពី​ព័ត៌មាន

បើ​តាម​បទ​ពិសោធន៍​​ផ្ទាល់​ លោក ផន វណ្ណិត បាន​និយាយ​ថា លោក​តែង​តែ​ស្ដាប់​ព័ត៌មាន អាន​ព័ត៌មាន​ពី​វិស័យ​អចលនទ្រព្យ ដើម្បី​ដឹង​ព័ត៌មាន​ច្បាស់​ពី​ការ​អភិវឌ្ឍ​នានា ព្រោះ​វា​ជា​ជំនួយ​ស្មារតី​ក្នុង​ការ​ពិចារណា​ទិញ​ដី។ លោក​បាន​បញ្ជាក់​ទៀត​ថា អ្នក​ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​ដឹង​អ្វី​ដែល​ថ្មី​ជា​និច្ច ហើយ​ត្រូវ​ដឹង​មុន​គេ មិន​អាច​រង់ចាំ​ព័ត៌មាន​មក​ដល់​ឡើយ គឺ​ត្រូវ​ទៅ​ស្វែង​រក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ជា​ប្រចាំ។

ទោះ​បែប​នេះ​ក្ដី លោក ផន វណ្ណិត បាន​បញ្ជាក់​ថា ចំណុច​ទាំង៣នេះ គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ព្រោះ​អ្នក​ដាក់​ខ្លួន​លើ​វិស័យ​អចលនទ្រព្យ ត្រូវ​ចេះ​ស្វែង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នានា ហើយ​ដឹង​រឿង​មុន​គេ​ជា​និច្ច ទើប​អាច​មាន​ឱកាស​ច្រើន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគ​ជ័យ។ លោក​បាន​សង្កត់​ថា ចំណុច​សំខាន់​បំផុត គិត​ច្បាស់ ដាក់​ចិត្ត ហើយ​ហ៊ាន​ធ្វើ ទើប​ឃើញ​ជោគជ័យ ៕ ថមសន

 


ចែករំលែក៖