ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញប្រាប់ពីវិធីទិញផ្ទះងាយស្រួលលក់និងចំណេញច្រើន

ចែករំលែក៖

តើអ្នកបានដឹងពីវិធីសាស្រ្តទិញផ្ទះសម្រាប់យកចំណេញនិងងាយស្រួលលក់ចេញឬនៅ? ការទិញលំនៅដ្ឋានមិនមែនចេះតែទិញនោះទេហើយក៏មិនងាយលក់ចេញបានដែរ ប្រសិនជាមិនយកចិត្តទុកដាក់លើលក្ខខ័ណ្ឌមួយចំនួន។

Propertyarea.asia គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជានឹងលើកយកប្រសាសន៍របស់អ្នកមានជំនាញខាងទិញលក់លំនៅដ្ឋាននៅតាមបុរីនានាមកបង្ហាញជូន។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹកសុខនីមដែលមានជំនាញលើការទិញលក់លំនៅដ្ឋាននៅតាមបុរីនានានាទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការទិញលក់លំនៅដ្ឋានឬទិញផ្ទះសម្រាប់វិនិយោគ អ្នកវិនិយោគគួរទិញផ្ទះនៅតំបន់មានសេដ្ឋកិច្ចរសរវើកព្រោះតំបន់បែបនេះមានមនុស្សរស់នៅច្រើន និងទាក់ទាញអ្នកចង់មករស់នៅថ្មីៗ។ទិញផ្ទះស្ថិតនៅកាច់ជ្រុង ព្រោះផ្ទះនៅកាច់ជ្រុង ជាទីតាំងងាយស្រួលប្រើប្រាស់ឡើងថ្លៃលឿន និងជាទីចាប់អារម្មណ៍របស់អតិថិជន ។

លោកបន្តថា ផ្ទះដែលអាចប្រកបអាជីវកម្មបាន (Shop House) ក៏ជាប្រភេទផ្ទះឡើងថ្លៃលឿន និងងាយស្រួលលក់ផងដែរ។

លោកសុខនីមបានបន្តថា “ហេតុនេះការជ្រើសរើសលំនៅដ្ឋានក្នុងលក្ខខ័ណ្ឌល្អប្រសើរគួបផ្សំនឹងកេរ្ត៍ឈ្មោះរបស់បុរីល្អសុទ្ឋតែជាកត្តាអំណោយផលដល់ការវិនិយោគលំនៅដ្ឋាន”។ លោកបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្នអ្នកទិញផ្ទះទុកលក់យកចំ ណេញហាក់បានថយចុះច្រើនដោយសារការផ្គត់ផ្គង់លំនៅដ្ឋានមានការកើនឡើងខ្ពស់”។

ទាក់ទងនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា លោកច្រឹក សុខនីមបានឲ្យដឹងថាទីផ្សារទិញលក់លំនៅដ្ឋាននៅឆ្នាំនេះ នៅតែមានសញ្ញាល្អប្រសើរដោយសារតែលក្ខខ័ណ្ឌមួយចំនួន ទី១ កំនើនសេដ្ឋកិច្ចដែលធ្វើឲ្យកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ទី២លក្ខខ័ណ្ឌនៃការទទួលបានឥណទាន និងការផ្តល់លក្ខខ័ណ្ឌបង់ប្រាក់កាន់តែប្រសើរ ទី៣កត្តាប្រជាសាស្រ្តមានន័យថាចំនួនប្រជាជនចូលមករស់នៅក្នុងទីក្រុងកើនឡើងជារៀងរាល់ឆ្នាំ និងទី៤កត្តាប្រជាជនវ័យក្មេងច្រើននៅកម្ពុជា ដែលពួកគេបានរៀបការនិងបង្កើតគ្រួសារថ្មីៗច្រើនធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើងជាស្វ័យប្រវត្តិ៕

ប្រភព៖propertyarea.asia


ចែករំលែក៖