ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការបរទេសប្រទេសរុស្ស៊ី១៤៤រូបនៅ២៧ប្រទេសត្រូវបណ្តេញចេញឲ្យត្រឡប់ទៅស្រុកវិញ

ចែករំលែក៖

មកទល់ពេលនេះមាន២៧ប្រទេស ជុំវិញពិភពលោក ភាគច្រើនជាប្រទេស លោកខាងលិច បានប្រកាសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី នៅក្នុងប្រទេសរៀងៗខ្លួនសរុបមានដល់ទៅ១៤៤រូប។ នេះជាការ បណ្តេញមន្ត្រីការទូត ទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មកទល់ពេលនេះ។

ប្រទេសដែល បណ្តេញមន្ត្រីការទូតរុស្ស៊ីច្រើនបំផុត គឺ អាមេរិក មាន៦០នាក់ អង់ គ្លេស ២៣នាក់ អ៊ុយក្រែន ១៣នាក់ កាណាដា៤នាក់ ប៉ូឡូញ៤នាក់ បារំាង៤ នាក់ អាល្លឺម៉ង់៤នាក់និងអូស្ត្រាលី ក៏ បណ្តេញមន្ត្រីការទូតរុស្ស៊ី២នាក់ផងដែរ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃទី២៧ ខែមីនា បានប្រកាសថា សម្ពន្ធមិត្តយោធាណាតូក៏បានបណ្តេញមន្ត្រីការបរទេសរបស់រុស្ស៊ី៧រូប ប្រចាំនៅណាតូ ផងដែរ ដើម្បីជាការ បង្ហាញ ពីសមគ្គីភាព ជាមួយអង់គ្លេស ពាក់ព័ន្ធនឹងការសម្លាប់ បំពុលចារបុរសជនជាតិរុស្ស៊ីនៅអង់គ្លេស។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុង ប្រុ៊ចសែលប្រទេសបែលហ្ស៊ិក លោក Jens Stoltenberg បានប្រកាស សម្រេចកាត់បន្ថយ ចំនួនតំណាងរបស់រុស្ស៊ីនៅណាតូចាប់ពី៣០នៅសល់តែ ២០រូប បុ៉ណ្ណោះ ។ ក្រៅពីនេះណាតូក៏បាន ផ្អាក ទទួលមន្ត្រីការបរទេសរុស្ស៊ី៣រូប ផ្សេង ទៀត ។

រដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក Boris Johnson បានវាយតម្លៃខ្ពស់ ចំពោះ សកម្មភាព រួបរួមរបស់បណ្តាប្រទេស ជាមិត្ត ដូចជាអាមេរិក អូស្ត្រាលី កាណាដា និងសម្ពន្ធមិត្តជាច្រើនផ្សេងទៀត។

ចំណែករុស្ស៊ីវិញ ប្រធានាធិបតីពូទីន ក៏បានឡើងគម្រោង វាយបកទៅលើបណ្តាប្រទេសតំបន់អឺរ៉ុបវិញ ផងដែរ ដោយអាច នឹងបណ្តេញមន្ត្រីការបរទេស ប្រទេស លោកខាងលិច ដូចអ្វីដែលរុស្ស៊ីបានធ្វើ តបទៅលើប្រទេសអង់គ្លេស៕ ម៉ែវ សាធី


ចែករំលែក៖