វិស័យសំណង់បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជាយ៉ាងលឿន ស្ទើមិនគួរឲ្យជឿដោយរយៈពេលត្រឹម៦ឆ្នាំវិស័យនេះបានស្រូបយកទឹកប្រាក់ជិត២៥ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់នាព្រឹកថ្ងៃទី កាលពីថ្ងៃម្សិលម៉ិញលោកឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្មនិងសំណង់បានបង្ហាញពីការរីកចម្រើននៃវិស័យសំណង់កម្ពុជាដោយទឹកប្រាក់វិនិយោគលើវិស័យសំណង់ចាប់តាំងពីឆ្នាំ ២០១១រហូតដល់ឆ្នាំ២០១៧។
ក្នុងរយៈពេលពីឆ្នាំ៦ឆ្នាំ ការវិនិយោគលើវិស័យនេះមានចំនួន១៥,៧៨២គម្រោង ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២៤,៨៣៩លានដុល្លារអាមេរិក។
លោកឆាន់ សូរ្យផលបានបន្ថែមថា គិតត្រឹមរយៈពេល ១៧ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០០០មកដល់ឆ្នាំ ២០១៧ វត្តមានអាគារខ្ពស់ៗប្រណីតនៅកម្ពុជាមានចំនួនរហូតដល់៩៧៩អាគារបានសាងសង់ឡើង។ អគារខ្ពស់ៗប្រណីតទាំងនេះ រួមមានអាគារដែលមានកំពស់ចាប់ពី៥ជាន់រហូតដល់៤០ជាន់ឡើងទៅ។ ក្នុងនោះអាគារដែលមានកំពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៥៧៩អាគារហើយអាគារដែលមានកម្ពស់១០ជាន់ដល់១៩ជាន់មានចំនួន២៩០អាគារ។រីឯអាគារដែលមានកំពស់ចាប់ពី២០ជាន់ ដល់២៩ជាន់មានចំនួន៧០អាគារហើយអាគារដែលមានកំពស់ចាប់ពី៣០ ជាន់ដល់៣៩ជាន់មានចំនួន២៩អាគារជាពិសេសអាគារដែលមានកំពស់ ចាប់ពី៤០ជាន់ឡើងវិញមានចំនួន១១អាគារ។
អ្នកនាង អាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia បានថ្លែងថា វិស័យសំណង់បានរួមចំណែកដល់កំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងហើយវិស័យនេះបានផ្លាស់ប្តូរមុខមាត់កម្ពុជានិងធ្វើឲ្យកម្ពុជាលេចឡើងកាន់តែខ្លាំងលើឆាកអន្តរជាតិ។
អ្នកនាងបន្តថា “ពីមុនគេមិនសូវស្គាល់កម្ពុជាទេប៉ុន្តែពេលនេះមនុស្សភាគច្រើនបានស្គាល់កម្ពុជានិងទីក្រុងភ្នំពេញដោយសារកំនើនវិនិយោគក្នុងវិស័យនេះ”។អ្នកនាងបន្តថា “ដោយសារកំនើនសេដ្ឋកិច្ចនិងបរិយាកាសនយោបាយល្អបានធ្វើឲ្យកម្ពុជាស្ថិតក្នុងគោលដៅនៃការវិនិយោគបរទេស”។
លំហូរទុនវិនិយោគពីបរទេសសរុបកាលពីឆ្នាំ២០១៦ ២០១៧នៅកម្ពុជាមានទំហំខ្ពស់ជាងប្រទេសថៃ និងប្រទេសវៀតណាមដែលនៅជិតកម្ពុជា៕
ប្រភពៈpropertyarea.asia