ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលទាញកាំបិតផ្គាក់កាប់ប្រហារទៅជនរងគ្រោះក្នុងពេលផឹកស៊ីនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយក្រោយពីបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពនោះ ។ ការឃាត់ខ្លួនជនសង្ស័យនេះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃម៉ោង ៥ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះនៅភូឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលកាប់ប្រហារទៅជនរងគ្រោះនោះមានឈ្មោះ គួក ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងងទៀតថា ក្រោយពីធ្វើសកម្មភាពភ្លាម ជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃ ប៉ុន្តែក្រោយពីការស្រាវជ្រាវតាមបច្ចេកទេសរបស់សមត្ថកិច្ច បានឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤៥នាទី ថ្ងៃ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង ។ មានករណីហឹង្សាមួយរហូតឈានដល់កាប់សម្លាប់គ្នា ក្នុងពេលដែលកំពុងផឹកស៊ី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនិងជនដៃដល់បានផឹកស៊ីជាមួយគ្នា ។ក្នុងពេលដែលកំពុងផឹកនោះ ជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះផឹកស្រាបន្ថែមទៀត និង ក្លែមសាច់ឆ្កែ ប៉ុន្តែជនរងគ្រោះមិនព្រម ។ ពេលនោះ ជនសង្ស័យបាននិយាយស្តីឌឺដង២ទៅ៣ម៉ាត់ ក៍ឡើងទៅលើផ្ទះកាន់កាំបិតផ្គាក់ស្ទុះមកកាប់ប្រហារទៅលើជនរងគ្រោះតែម្តងបណ្តាលឲ្យរបួសត្រូវថ្គាម១កាំបិត និង កែងដៃ១កាំបិត ភ្លាមៗនោះជនរងគ្រោះស្ទុះរត់ចេញពីកន្លែងកើតហេតុបានជាង១០០ម៉ែត្រក៍ដាច់ខ្យល់ស្លាប់តែម្តង ។ ក្រោយពេលកាប់ភ្លាមៗនោះ ជនដៃដល់បានរត់គេចខ្លួន ចូលក្នុងព្រៃ ក្រោយពីស្រាវជ្រាវរបស់សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី៣១ ខែកក្កដា ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា