ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញចំនួន៥ចំណុច ឆ្លើយតបទៅនឹងការបង្ហោះសាររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលក្នុងនោះ ថា អាមេរិកបានរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ក្នុងសេចក្តីថ្លែងការណ៍ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងថា “យើងនឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង ក្នុងអនុសញ្ញាទីក្រុងវីយេនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ត្រូវបានបង្កឡើងដោយស្ថានបេសកកម្មដែលតំណាងអោយប្រទេសដែលមានអារ្យធម៌មួយ”។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ថ្មីៗនេះ បានសរសេរសារមួយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា “ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ”។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បន្តថា “ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក” ៕ ចេស្តា