ក្រោយពេលមានព័ត៌មានផ្សាយថា ចិនបានត្រៀមលក្ខណៈបញ្ជូនកម្លាំង ទាហាន និងប៉ូលិស ទៅកាន់កោះហុងកុងនោះ មន្ត្រីជាន់ខ្ពស់ចិន បានប្រកាសថា ចិន មិនបញ្ជូនទាហាន ឬប៉ូលិសទៅហុងកុងឡើយបើគ្មានសំណើពី ថ្នាក់ដឹកនាំកោះហុងកុង ។
ការបារម្ភខាងលើកើតឡើងក្នុងពេលដែល កម្លាំងប៉ូលិសចិន រហូតដល់ទៅ១៩ម៉ឺននាក់ បានហ្វឹកហាត់នៅខេត្តក្វាងទុង ជិតកោះហុងកោះ ត្រូវបានគេចាត់ទុកថា នេះជាការត្រៀមលក្ខណៈទៅចូលរួម ទប់ស្កាត់រាល់ការធ្វើបាតុកម្ម បង្កឲ្យមានអសន្តិសុខ នៅក្នុងកោះហុងកុង ។ កន្លងមក រដ្ឋាភិបាលទីក្រុងប៉កាំង បានប្រកាសថា បើហុងកុងស្នើ ចិននឹងបញ្ជូនកម្លាំងប៉ូលិស និងទាហានទៅជួយរក្សាសន្តិសុខ ទប់ស្កាត់បាតុកម្មហិង្សា ។
ប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយថា ប៉ូលិសចិន ជាង១៩ម៉ឺននាក់ បានចូលរួមការហ្វឹកហាត់ នៅខេត្តក្វាងទុង គឺដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ ក្នុងឱកាសខួបគម្រប់៧០ នៃទិវាឯករាជ្យចិន ។ នេះ មិនមែន បញ្ជូនទៅកាន់កោះហុងកុង ដូចការសង្ស័យនោះឡើយ ។ ការហ្វឹកហាត់នវ មានការចូលរួមពីកងរថពាសដែក និងឧទ្ធម្ភាគចក្រផងដែរ ។
មនុស្សជាច្រើន បានបញ្ជាក់ថា នេះជាសកម្មភាពខុសប្រក្រតី ហើយពីមុនមក ចិនមិនដែលហ្វឹកហាត់ នៅខេត្តជិតកោះហុងកុងនោះឡើយ ដោយតែងតែធ្វើឡើងនៅទីក្រុងប៉េកាំង ។ ចំណុចទាំងនោះហើយ ទើបបង្កឲ្យមានការសង្ស័យថា ចិនត្រៀមជ្រៀតជ្រែកចូលកោះហុងកុង ដើម្បីបំបែកហ្វូងបាតុករ ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនខែកន្លងមក ។
ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលរាល់ការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងការត្រៀមលក្ខណៈ បញ្ជូនកម្លាំងប៉ូលិស និងទាហាន ទៅកាន់កោះហុងកុង ។ ស្ថានភាពនៅកោះហុងកុង នាពេលនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ដែលត្រូវការទាហាន និងប៉ូលិសចិន ចូលរួមជួយធ្វើអន្ដរាគមន៍នោះឡើយ ។
ពាក់ព័ន្ធបាតុកម្មនៅហុងកុងវិញ កាលពីថ្ងៃទី៣១ ខែកក្កដា ហុងកុងបានបញ្ជូន បាតុករ២៣នាក់ឡើងទៅកាន់តុលាការ ដោយចោទប្រកាន់ពីបទបង្កឲ្យមានអំពើហិង្សានៅក្នុងការធ្វើបាតុកម្ម ។ ជាមួយគ្នានេះបាតុកម្មនៅកោះហុងកុងនៅតែបន្តកើតឡើង ។
នៅពេលនេះក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខតុលាការ ក្នុងតំបន់ Sai Wan Ho នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បើទោះបីមានភ្លៀងធ្លាក់ខ្លាំងក្តី ក្រុមបាតុករបានស្រែកនៅពាក្យ ស្លោកថា «ទាមទាហុងកុងមកវិញ និង បដិវត្តន៍ នៃសម័យកាលទំនើបរបស់យើង» ។
កាលពីយប់ថ្ងៃទី៣០ខែកក្កដា ប៉ូលិសហុងកុង បានប្រកាសថា បានចោទប្រកាន់ទោស បាតុករ៤៤នាក់ ពីសកម្មភាពបង្កចលាចល និងម្នាក់ទៀតចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ។ បាតុករ៤៩នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានបុរស៣២នាក់ និងស្ត្រី១៧នាក់ មានអាយុចាប់ពី១៦-៤១ឆ្នាំ ។ ប៉ូលិសហុងកុងបានប្រកាសថា នឹងបើកការស្រាវជ្រាវ ហើយអាចនឹងចាប់បាតុករជាបន្តទៀត ប្រសិនើប បង្កឲ្យមានអំពើហឹង្សា ។
នៅមុនស្នងការប៉ូលិសតំបន់ Kwai Chung បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ដោយខ្លះបានគប់ ស៊ុតចូលទៅទីស្នាក់ការប៉ូលិស ។ ជាមួយគ្នានោះដែរ ប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ៕