ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតជាអ្នករួមដំណើររងរបួសស្រាល ខណៈដែលបើកបរម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្ដពីក្រោយ បណ្ដាលឲ្យដួល ធ្វើឲ្យរថយន្ដ២គ្រឿងទៀតបើកមកពីក្រោយឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកជនរងគ្រោះបន្ថែមទៀតតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ បឿក ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួសធ្ងន់) បើកបរម៉ូតូម៉ាក HONDA DREAM ធុនសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX-9717 និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សយ ណាន់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល) ជាអ្នករួមដំណើរ ។ ចំណែករថយន្ដ២គ្រឿងដែលបុកជនរងគ្រោះពីក្រោយ ទី១- រថយន្ដម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-3704 បើកបរដោយឈ្មោះ ស៊ុំ ធារិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២-រថយន្ដម៉ាក NISSAN ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1477 បើកបរដោយឈ្មោះ ហេង ហុកឡី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ដោយមានឌុបម្នាក់ពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុ ក៏បានបុកគូថរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បណ្ដាលឲ្យម៉ូតូនោះដួលនៅលើោផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក HIGHLANDER ដែលកំពុងធ្វើដំណើរពីក្រោយ ក៏បានជាន់ហ្វ្រាំងបន្ថយល្បឿននៅពីមុខកន្លែងកើតហេតុ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកNISSAN បើកមកពីក្រោយ បានបុករុញរថយន្តម៉ាកHIGHLANDER ធ្វើឲ្យរថយន្ដម៉ាកHIGHLANDER នោះ ជ្រុលទៅមុខកិនអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បណ្តាលឲ្យរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងនគរបាលជំនាញ ចុះពិនិត្យ វាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរខ្ជីខ្ជារ ធ្វេសប្រហែល ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ៕ ស្អាងជ័យ