ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូនិស្សិតម្នាក់ដែលដាក់នៅមុខបន្ទប់ជួលបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចមូលដ្ឋានជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះមកស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពស្គាល់ភិនភាគរហូតតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃពុធ ១៥រោច ខែអាសាឌ្ឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះ កែវ សុភក្ត្រ័ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកដែលគេចខ្លួនបាត់មានឈ្មោះ ង៉ោលភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរមិនពិតប្រាកដ កំពុងរត់គេចខ្លួន។ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៅ ផល្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មិត្តភក្កិរបស់ខ្លួនបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FV-8392 ជិះទៅទិញម្ហូបនៅក្បែរសាលាវិទ្យាល័យជាស៊ីមសាមគ្គី ពេលដែលត្រឡប់មកវិញក៏បានទុកម៉ូតូនៅក្នុងរបងមុខបន្ទប់ជួល ដោយពុំបានចាក់សោ.កនោះទេ ។ ប៉ុន្តែបានចាក់សោរទ្វារបងដែលជាកន្លែងដាក់ម៉ូតូត្រឹមត្រូវ រួចក៏ចូលទៅសម្រាក ។ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះភ្ញាក់ពីដំណេកចេញពីបន្ទប់បម្រុងយកម៉ូតូទៅរៀន ស្រាប់តែបាត់ម៉ូតូតែម្តង ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកពិនិត្យ និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់ ។ លុះដល់ម៉ោង៦ល្ងាច សមត្ថកិច្ចជំនាញកំពុងល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យម្នាក់ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ឃាត់ខ្លួនតែម្តង ។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
យោងតាមមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចពេលឃាត់ខ្លួនជនសង្ស័យនោះ បានដកហូត ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FV-8392 ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ