ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដង ដោយប្រើប្រាស់ទឹកអស់ចំនួន ៣៨,៤០០០ម៉ែត្រគូប(សាមសិបប្រាំបីម៉ឺនបួនពាន់ម៉ែត្រគូប) ខណៈដែលឆ្លងចរន្តអគ្គិសនីបណ្ដលឲ្យឆេះការដ្ឋានសំណង់អគារផ្សារទំនើបអូឡាំព្យ៉ា ជាន់ក្រោមដី បង្កជាភ្លើងនិងផ្សែងហុយទ្រលោមរកមើលអ្វីមិនឃើញ ទើបភ្ញាក់ផ្អើលដល់បុគ្គលិកធ្វើការក្នុងនោះនាំគ្នារត់ចែកជើងយកប្រាសអាយុ ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារផ្សារទំនើបអូឡាំព្យា ត្រង់ចំណុចជាន់ក្រោមដី (សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ស្ថិតនៅផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុថា ករណីនេះគឺមូលហេតុមកពីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទៃក្រឡាបន្ទប់ដែលឆេះ មានបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង២០ម៉ែត្រ សម្ភារ:ខូចខាតគ្រឿងសំណង់មួយចំនួន ប៉ុន្តែមិនបង្កឲ្យមានរងរបួស ឬស្លាប់នោះទេ ។
សមត្ថកិច្ចបន្តថា មុនកើតហេតុគឺមានផ្សែងហុយទ្រលោមចេញពីជាន់ក្រោម នៃការដ្ឋានសំណង់អគារផ្សារទំនើបអូឡាំព្យ៉ា ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកក្នុងនោះនិងប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវក៏នាំគ្នារាយបារណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ដើម្បីទំនាក់ទំនងមកកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញជួយធ្វើអន្តរាគមន៍ ភ្លាមនោះកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកដល់បាញ់ពន្លត់ទាន់ពេលវេលាមិនបង្កឆេះរាលដាលដល់កន្លែងផ្សេងទៀតនោះទេ ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដង ប្រើប្រាស់ទឹកអស់ចំនួន ៣៨,៤០០០ម៉ែត្រគូប (សាមសិបប្រាំបីម៉ឺនបួនពាន់ម៉ែត្រគូប)៕សរស្មី