ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុករះស្លាកយីហោដួលបោកក្បាលស្លាប់ភ្លាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូក្នុងល្បឿនលឿនដូចហោះ បានជ្រុលបុករះស្លាកយីហោអ៊ុត និងធ្វើធុងបាស បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅថ្នល់ពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងព្រលប់ថ្ងៃព្រហស្បតិ៍ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦.៧ ស្ថិតក្នុងភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃើញថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សេង ចន្ដា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

របាយការណ៍ខាងលើបន្តថា មុនដំដូងគេឃើញជនរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាក វីនន័រ ពណ៏ស គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានជ្រុលបុករះ ស្នាកយីហោអ៊ុតសក់ និងធ្វើធុងបាសនៅមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅថ្នល់ពេញទំហឹង ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។

ប្រភពពីរបាយការណ៍ដដែលបន្តទៀតថា នគរបាលជំនាញចរាចរណ៍ផ្លូវគោកចុះពិនិត្យ ហើយធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូយកមករក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ បុឹម ពិន


ចែករំលែក៖