ហូជីមិញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃនេះ បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនពីការដឹកជញ្ជូនផ្លូវអាកាស ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៩ ដែលមានការកើនឡើង ២២ភាគរយបើធៀបទៅនឹងដំណាក់កាលដូចគ្នានេះ ក្នុងឆ្នាំ២០១៨ ហើយប្រាក់ចំណេញរបស់ក្រុមហ៊ុននៅមុនពេលកាត់ពន្ធ សម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ បានកើនឡើង ១៦ភាគរយ បើធៀបទៅនឹងដំណាក់កាលដូចគ្នា កាលពីឆ្នាំមុន ។
ក្រុមហ៊ុននេះ បានបញ្ជាក់ថា ប្រាក់ចំណូលតាមរយៈការដឹកជញ្ជូនផ្លូវអាកាសរបស់ខ្លួន មានចំនួនសរុប ២០,១ទ្រីលានដុង (ស្មើនឹង ៨៦៩,៩២៨ លានដុល្លារអាមេរិក) ក្នុងនោះប្រាក់ចំណេញ នៅមុនពេលកាត់ពន្ធ មានចំនួន ១,៥៦ទ្រីលានដុង សម្រាប់រយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៩នេះ។ ប្រាក់ចំណូលសរុបទាំងអស់របស់ Vietjet ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ចំណូលបានមកពីសកម្មភាពមិនទាក់ទងនឹងការដឹកជញ្ជូនដូចជា ពាណិជ្ជកម្មលើយន្តហោះ ក៏បានកើនឡើងចំនួន ២៤ភាគរយ ផងដែរ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ ក្រោយពីរកបានប្រាក់ចំណូល ២៦,៣ទ្រីលានដុង បើធៀបទៅនឹងដំណាក់កាលដូចគ្នា ក្នុងឆ្នាំ២០១៨ ខណៈដែលប្រាក់ចំណេញសរុប នៅមុនពេលកាត់ពន្ធ មានចំនួន ២,៤ ទ្រីលានដុង ដែលជាការកើនឡើង ១១ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
ក្នុងអំឡុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Vietjet បានប្រតិបត្តិការហោះហើរ ៦៨ ៨២១លើក ស្មើនឹង ៤៥ភាគរយ នៃការហោះហើរសរុប ដែលត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមទាំងអស់។ Vietjet បានដឹកអ្នកដំណើរសរុបចំនួន ១៣,៥ លាននាក់ ក្នុងការហោះហើរសរុបទាំងអស់នោះ ក្រោយពីការពង្រីកបណ្តាញហោះហើររបស់របស់ខ្លួន ស្របពេលដែលក្រុមហ៊ុននេះ នៅតែរក្សាស្ថិតក្នុងទីតាំងឈានមុខគេលើសេវាដឹកជញ្ជូនក្នុងស្រុក ដោយមានចំណែកទីផ្សារដល់ទៅ ៤៤ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំនេះ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម មានចំណែកទីផ្សារ ៣៤ភាគរយក្នុងដំណាក់កាលដូចគ្នានេះ។
ការកើនឡើងខ្លាំងទៅលើតួលេខនៃប្រតិបត្តិការរយៈពេល៦ខែដំបូងរបស់ក្រុមហ៊ុន Vietjet នេះ កើតឡើងមួយផ្នែកធំដោយសារតែការពង្រីកបណ្តាញផ្លូវហោះហើរឥតឈប់ឈរទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយនឹងការពង្រីកផ្លូវហោះហើរអន្តរជាតិថ្មីចំនួន៩ ទៅកាន់ជប៉ុន ទីក្រុងហុងកុង ឥណ្ឌូនេស៊ី ចិន និងផ្លូវក្នុងស្រុកចំនួន៣ទៀត។ ការចំណាយទាបទៅលើប្រេងសាំង និងការគ្រប់គ្រងរូបបិយបណ្ណបរទេសបានយ៉ាងរឹងមាំ ក៏បានជួយឲ្យមានកំណើនខ្លាំងលើប្រាក់ចំណូលក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ផងដែរ។
ចំនួនអ្នកធ្វើដំណើរនៅលើផ្លូវហោះហើរអន្តរជាតិរបស់ Vietjet បានកើនឡើង ៣៥% ស្មើនឹងជិត៤លាននាក់ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន Vietjet សម្រាប់សេវាដឹកជញ្ជូនអន្តរជាតិ បានកើនឡើងខ្ពស់ជាងប្រាក់ចំណូលពីសេវាដឹកជញ្ជូនក្នុងស្រុក ពោលគឺស្មើនឹង ៥៤% នៃប្រាក់ចំណូលសរុបពីការដឹកជញ្ជូនផ្លូវអាកាសរបស់ Vietjet។
បណ្តាញហោះហើររបស់ក្រុមហ៊ុន Vietjet បច្ចុប្បន្នផ្សារភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅផ្សេងៗជាច្រើន ទូទាំងប្រទេសវៀតណាម កម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសចិន។ សម្រាប់តួលេខប្រតិបត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតក្នុងរយៈពេល៦ខែដំបូងនេះ ក្រុមហ៊ុន Vietjet បានប្រកាសថា ទម្ងន់ផ្ទុកជាមធ្យមរបស់ខ្លួនក្នុងពេលហោះហើរ គឺមានចំនួន ៨៨ភាគរយ ភាពជឿជាក់ទៅលើប្រព័ន្ធបច្ចេកទេស មាន ៩៩,៦៤ភាគរយ ហើយភាពទៀងទាត់ទាន់ពេលពេលវេលា មានកម្រិតដល់ទៅ ៨១,៥ភាគរយ៕ វឌ្ឍនា