ភ្នំពេញ៖ ប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំដូចគ្នា តារាសម្តែងស្រស់ សេង មង្គល ជួបដៃគូសម្តែងសិចស៊ីកញ្ញា ដួង ម៉ានិច លើកដំបូងហើយក្នុងភាពយន្តភាគថ្មីរបស់ប៉ុស្តិ៍លេខ៥គឺរឿង “អន្ទាក់ស្នេហ៍” ។ ការបង្ហាញមុខតារាទាំងពីររូប និងសិល្បករដទៃត្រូវបានធ្វើឡើងក្នុងពិធីក្រុពាលីចេញថតរឿងភាគមួយនេះ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។
រឿងភាគថ្មីក៏មានតារាល្បីៗដូចជា កញ្ញា រ៉ូហ្សា, កញ្ញា ដានី អារីយ៉ា, កញ្ញា ចាន់ ស្រីរ័ត្ន, កញ្ញា មូនណា, អ្នកនាង ញឹម ច័ន្ទថន, តារាកំប្លែងលោក ចេឡា, លោក រិទ្ធី, លោក យុទ្ធ ឋានៈ, លោក គង់ សុភី, អ្នកស្រី ញឹម សុខា , អ្នកស្រី វណ្ណា និងតារាជាច្រើននាក់ផ្សេងមករួមគ្នា។
តារាសម្តែងសិចស៊ី ឌួង ម៉ានិច បានប្រាប់ថា រឿងភាគ “អន្ទាក់ស្នេហ៍” នាងទទួលបានតំណែងជាតួឯកស្រី ដែលជាស្រីក្រមុំស្រស់ស្អាត ជាប់លំដាប់សេដ្ឋីនី ជាមនុស្សមិនងាយទទួលព្រមចំពោះអ្នកណាងាយៗនោះទេ។ រឿងនេះអ្វីដែលពិសេសនោះ នាងដើរតួជាស្រីលំដាប់អ្នកមាន ហើយមានធ្លាប់ឆ្លងការប្តីបីនាក់ ដែលប្តីទាំងនោះសុទ្ធតែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រហូតអ្នកណាក៏ចង់ខ្លាចនាងដែរ។ ក្នុងរឿងនេះ សង្គមហៅតួស្រីនេះជាស្រីចង្រៃ ធ្វើឱ្យតួឯកស្រីក្លាយជាមនុស្សក្រៀមក្រំដាក់ទឹកចិត្តក្នុងជីវិត រហូតមកជួបតួឯកប្រុស ហើយលង់ស្រលាញ់តាមរហូតសម្រេចមានស្វាមីជាលើកទី៤។ នាងបន្តថាពេញចិត្តនិងជំនួសសម្តែងជាមួយដៃគូថ្មី ហើយក៏មានទំនុកចិត្តដែរថានឹងទទួលបានការគាំទ្រច្រើនបើទោះបីជាជំនួបនេះជាលើកដំបូងក្តី។
អ្នកដឹកនាំកម្មវិធីរបស់ទូរទស្សន៍នេះបានបង្ហើបឱ្យដឹងថា មូលហេតុដែលដាក់កញ្ញា ដួង ម៉ានិច ជាតួឯកស្រីនោះដោយសារតែនាងមានសមត្ថភាព ហើយរឿងភាគលើកមុនៗ ដែលជាតួឯកស្រីនោះទទួលការគាំទ្រនិងសរសើរ។ ម្យ៉ាងនាងកំពុងតែផ្ទុះរឿងមានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយតារាវ័យក្មេងលោក បុត្រ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ដូច្នេះដាក់នាងមកជាតួឯកស្រីប៉ះជាមួយបុរសវ័យកណ្តាលលោក មង្គល នឹងទទួលបានការគាំទ្រនិងជោគជ័យ។ អ្នកគ្រប់ដឹកនាំការថតរឿងភាគនេះបញ្ជាក់ថា រឿងភាគថ្មីរបស់ទូរទស្សន៍លេខ៥ នឹងត្រៀមថតនាពេលឆាប់ៗនេះ ដោយចំណាយរយៈពេលបីខែ ដើម្បីសម្រិតសម្រាំងទាំងគុណភាព និង ឈុតឆាកល្អៗ ជូនទស្សនិកជនមិនឱ្យខកបំណង។ ទាំងរឿងនេះសរុបមកទូរទស្សន៍លេខ៥ បានផលិតរឿងភាគខ្មែរសរុបមកដល់ពេលនេះបានប្រមាណ២១រឿងមកហើយ ដើម្បីឆ្លើយតបទៅកាន់ប្រជាជនខ្មែរ និង គាំទ្រវិស័យភាពយន្តឱ្យរីកចម្រើន ៕ វឌ្ឍនា