ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូរអិលដួល ត្រូវរថយន្តដឹកទំនិញកិនពីលើដាច់ជាពីរ ស្លាប់យ៉ាងអាណោចអាធ័មបំផុត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូមួយគ្រឿង តាមផ្លូវដែលមានទឹកដក់ សង្ស័យក្រឡាច់ដុំថ្មរអិល បណ្តាលឲ្យដួល ហើយត្រូវរថយន្តដឹកទំនិញធុនធំ បើកមកពីក្រោយ កិនពីលើដាច់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GT-9941បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយពុំមានពាក់មួកសុវត្ថិភាពនោះទេ ខណៈនោះដែរ ក៏មានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវដាក់គោលដៅត្រួតពិនិត្យជាតិអាកុលចាប់អ្នកមិនមួកសុវត្ថិភាពចំណែកជនរងគ្រោះមានមួកហើយមិនពាក់ រួចសមត្ថកិច្ចក៏បានណែនាំឲ្យពាក់មួកសុវត្ថិភាពរួចក៏ជិះចេញមកបានប្រហែលជាជិត២០០ម៉ែត្រ ជនរងគ្រោះបានជិះម៉ូតូចូលទឹកដែលដក់នៅលើផ្លូវនៅខាងស្តាំដៃ សង្ស័យជាន់ដុំថ្មរអិលដួលបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-7645 បើកបរស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនពីលើជនរងគ្រោះបណ្តាលឲ្យ ដាច់ខ្លួនជាពីរយ៉ាងរន្ធត់ ។ រីឯម៉ូតូជនរងគ្រោះវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅព្រូរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ទៀ ថៃសំណាង ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកគីរីសាគរ ខេត្តកោះកុង ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានដឹកយកទៅដំកល់ទុក នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសានា ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖