ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ នគរបាលខេត្តបាត់ដំបងពង្រឹង​កម្លាំង​ផ្ទៃក្នុង

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋមួយរូប​រស់នៅខេត្តបាត់ដំបង​ចាប់អារម្មណ៍​ចំពោះព័ត៌មានដែល​ថ្នាក់ដឹកនាំ​​នៃស្នងការ​នគរបាលខេត្តនេះ បានពង្រឹង នោះគឺការដែល​មិនឲ្យមានបុគ្គលជាមន្ត្រីនគរបាលទម្លាយ​ព័ត៌មានផ្ទៃក្នុង​ចេញទៅខាងក្រៅ​ដោយគ្មានការអនុញ្ញាត ដែលវិធានការនេះ​ស្របតាមច្បាប់ទម្លាប់​របស់នគរបាលជាតិ ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋចង់បាន គឺមិនមែនការលាក់បាំងព័ត៌មាន ឬទម្លាយព័ត៌មានផ្ទៃក្នុង… អ្វីនោះទេ ផ្ទុយទៅវិញ គឺចង់ឃើញអំពីការធានាបានសុខសន្តិភាព​ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

បច្ចុប្បន្ននេះ តាមការកត់សម្គាល់របស់ខ្ញុំបាទ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ​នៅខេត្តបាត់ដំបង គឺប្រជាពលរដ្ឋ​មានសេចក្តីព្រួយបារម្ភ​ជា​ខ្លាំង​ពីព្រោះ សូម្បីតែករណីចោរគាស់ផ្ទះ ដែលកើតឡើងស្ទើររាល់ថ្ងៃ ទាំងនៅក្រុងបាត់ដំបង ក៏ដូចជានៅតាម​ទីជនបទ​ដាច់ស្រយាល យូរៗម្តង នគរបាលបានបំបែកសំណុំរឿង ។ ករណីនេះ គឺដោយសារតែ​បញ្ហាល្បែងស៊ីសង​បានកើតឡើងស្ទើរគ្រប់ច្រកល្ហក មិនថានៅកណ្តាលក្រុងបាត់ដំបង ឬនៅតាមទីជនបទនោះទេ ។ ក្រៅពីល្បែងស៊ីសង ដែលកំពុងវក់វីអង្រួនខេត្តបាត់ដំបងនោះ ក៏នៅមាន​បញ្ហាគ្រឿងញៀន ដែលបាននិងកំពុងកើតឡើងគ្រប់ច្រកល្ហកផងដែរ ។ ល្បែងស៊ីសង, គ្រឿងញៀន គឺជាប្រភព​ដែលនាំឲ្យមាន​បញ្ហាចោរកម្ម លួច ឆក់ ប្លន់ ជាពិសេស​ករណីគាស់ផ្ទះទាំងថ្ងៃនេះឯង ។

ករណីគាស់ផ្ទះដែលគួរឲ្យកត់សម្គាល់​បានកើតឡើង​នៅកណ្តាលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដែលផ្ទះពីរជាប់គ្នា​នៅ​ម្តុំ​វត្តរំដួល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវចោរគាស់​ប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំ ។ ស្របពេលដែលមានករណីចោរគាស់ផ្ទះ កើតឡើង យ៉ាងគគ្រឹកគគ្រេងបែបនេះ ស្នងការនគរបាលខេត្តបាត់ដំបងប្រកាស​ណែនាំមន្ត្រីនគរបាល​ទាំងអស់ មិនត្រូវផ្តល់ព័ត៌មាន​ផ្ទៃ​ក្នុងអង្គភាពទៅឲ្យតតិយជនដោយគ្មានការអនុញ្ញាត មិនតែប៉ុណ្ណោះ នឹងត្រូវទទួលទណ្ឌកម្ម​តាមវិន័យលេខ​០០៦របស់កងកម្លាំង​នគរបាលជាតិទៅវិញ ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ ខែសីហា លោកស្នងការនគរបាលខេត្តបាត់ដំបងព្រមានថា ចាប់ពីថ្ងៃនេះទៅ មន្ត្រីនគរបាលរូបណា ដែលផ្តល់ព័ត៌មានផ្ទៃក្នុងអង្គភាព​ទៅ​ឲ្យបុគ្គលណាមួយ ដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំ​ មន្ត្រីនគរបាលនោះ​នឹងត្រូវទទួលទណ្ឌកម្មស្របតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ។

អ្វីដែលបានឃើញនៅពេលនេះ គឺជារឿងពីរដែលខុសគ្នាស្រឡះ ។ ក្នុងនាមប្រជាពលរដ្ឋ ដែលមិនសូវយល់ច្បាប់សមត្ថកិច្ច មិនដឹងថា តើ​ស្នងការនគរបាលខេត្តបាត់ដំបងខ្លាចចំណុចខ្សោយរបស់ខ្លួន​ត្រូវបាន​មន្ត្រីក្រោមឱវាទ​បកអាក្រាត ឬក៏សមត្ថភាពរបស់ខ្លួនខ្សោយ​ក្នុងការចាប់ចោរគាស់ផ្ទះ ទើបបានជាចេញវិធានការបែបនេះ ។ ការដែលអាជ្ញាធរមានសមត្ថកិច្ចជាពិសេស​នគរបាលខេត្តបាត់ដំបង មិនអាចបង្ក្រាបបានករណីចោរគាស់ផ្ទះ ឬយូរៗបង្ក្រាបបានម្តង គឺមានន័យថា នគរបាលដែលមានកាំភ្លើងនៅដៃ ខ្សោយជាងចោរគាស់ផ្ទះ​កំប៉ិកកំប៉ុកទាំងនោះ ។ យូរៗម្តង គេឃើញ នគរបាល​ក្រុងបាត់ដំបង​ ឬខេត្តបាត់ដំបង​បំបែកសំណុំរឿង​ករណី ចោរគាស់ផ្ទះនេះ ។ ករណី​ចោរគាស់ផ្ទះ ទំនងជាត្រូវបានហាមប្រាម​មិនឲ្យនគរបាល​ទម្លាយប្រាប់អ្នកកាសែត ប៉ុន្តែបើចាប់បានចោរគាស់​ផ្ទះ ត្រូវធ្វើសន្និសីទកាសែត ។​

បាត់ដំបងខ្ញុំអើយ! យាយៗអង្គុយលេងបៀតាមផ្ទះ ត្រូវបានគេចាប់ថតផ្សាយប្រៀបដូចអ្នកទោសព្រហ្មទណ្ឌ ។ ប៉ូន្តែ​វង់ល្បែងធំៗ ជាច្រើន​កន្លែង ដែល​ឈ្មួញបង្កើតឡើង បង្កឲ្យមានបញ្ហាអសន្តិសុខក្នុងសង្គម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ មិនត្រូវបាននគរបាល​បង្ក្រាបនោះទេ ។ ក្រៅពីនោះ គ្រឿងញៀន​ក៏កំពុងញាំញីខេត្តបាត់ដំបងខ្លាំងណាស់ដែរ ។ អាជ្ញាធរមានសមត្ថកិច្ច​បានត្រឹមប្រកាស​ចាត់​វិធានការម្តងហើយម្តងទៀត… ប៉ុន្តែបញ្ហានៅតែដដែល មិនអាចកាត់បន្ថយសេចក្តីព្រួយបារម្ភ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ​បាន​នោះឡើយ ។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ថា គឺដោយសារសមត្ថកិច្ចខ្សោយ ទើបបានជាក្រុមចោរខ្លាំង ។ ដូច្នេះ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ គួររកអ្នកដឹកនាំខ្លាំង យកមកដាក់នៅខេត្តបាត់ដំបងនេះ ដើម្បីផ្តល់ភាពកក់ក្តៅជូន​ប្រជាពលរដ្ឋ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖