ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តកុងតឺន័រធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវថៃហ្គរ កែងនឹងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ស្លាលេខភ្នំពេញ 3C.0795 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចផ្លូវថៃហ្គរ ក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រងាងតែម្ដង ធ្វើឲ្យរថយន្ត និងសម្ភារមួយចំនួនរងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ច ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ