ខេត្តសៀមរាប៖ ក្មេងស្រីម្នា្កក់បានស្លាប់់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ ។ ហេតុការណ៍នេះ បានឡើងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី នៅលើផ្លូវក្រាលក្រួសក្រហម (ផ្លូវកំពុងស្ថាបនា) ចំណុចមុខផ្ទះរបស់ឈ្មោះ ហេង សឿម ក្នុងភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោកវរៈសេនីយ៍ឯក ទេព ពុំសែនអធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់បើកម៉ូតូ ជែងរថយន្ត ឡើងពុំនូកថ្ម ដួលចូលក្រោមរថយន្ត កិនស្លាប់ភ្លាម នៅផ្លូវកំពុងស្ថាបនា ពីស្រុកពួក ទៅអង្គរជុំ ។ រថយន្ត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ TK. ០២៤៣ ចង្កូតស្ដាំ បើកបរដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីត្បូងទៅជើង បានរត់គេចខ្លួន បន្សល់ទុករថយន្ដ១គ្រឿងនៅកន្លែងកើតហេតុ។
ចំណែកម៉ូតូម៉ាកហ៊ុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប ១S.៩៩៦៥ បើកបរដោយឈ្មោះ សែ គិមឆាយ ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងឫស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរសិស្ស បើកបរទិសដៅស្របគ្នាពីត្បូងទៅជើង ស្របទិសគ្នា ឡើងជែងរថយន្តហើយឡើងពុំនូកថ្មធ្វើផ្លូវ ម៉ូតូដួលមនុស្សចូលក្រោមរថយន្តកិនចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមតែម្ដង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើកម៉ូតូជែងរថយន្ដខ្វះការប្រុងប្រយ័ត្ន ។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី