ភ្នំពេញ ៖ យោងតាមការតាមដានជាប្រចាំនូវការវិវត្តនៃអាកាសធាតុបានបង្ហាញឲ្យឃើញ ថា កម្ពុជាយើងបាន និងកំពុងស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ។ ជ្រលងសម្ពាធទាប (ITCZ) ដែលលាតសន្ធឹងក្នុងទឹកដីថៃ ឡាវ និងវៀតណាមភ្ជាប់នឹងព្យុះទី៧ ដែល បានរលាយខ្លួននៅថ្ងៃនេះ ។
ព្យុះទី ៨ ឈ្មោះ ហ្វ្រង់ស៊ីសភូ ដែលស្ថិតឆ្ងាយក្នុងមហាសមុទ្រនៅឡើយ ។ ព្យុះនេះ មិនមានឥទ្ធិពលមកលើកម្ពុជាយើងទេដោយ នឹងធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ ខាងកើតហ្វីលីពីន នឹងកកើតពុះមួយទៀតទី ៨ ឈ្មោះឡេគឺម៉ាដែលអាចមានឥទ្ធិពលមកលើកម្ពុជា ។ ទន្ទឹមនោះឥទ្ធិពលនៃខ្យល់មូសុងនិរតីនៅបន្តបក់ខ្លាំងមកលើកម្ពុជា ពិសេសនៅភាគខាងក្រោម ។
នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩ ស្តីពីស្ថានភាពអាកាសធាតុថា ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩នេះនឹងធ្វើឲ្យអាកាសធាតុមានដូចខាងក្រោមនេះ ៖
១- បណ្តាខេត្តជាប់សមុទ្រ រៀងនៅបន្តធ្លាក់ក្នុងបរិមាណពីបង្គួរទៅខ្លាំង ។
២- បណ្ដាខេត្តមាន កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និងរាជធានី ភ្នំពេញ ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣- បណ្ដាខេត្តមាន ·ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ។
ចាប់ពីថ្ងៃទី ៤-៨ ខែសីហា បណ្ដាខេត្តមាន, ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមាន ជ័យ និងឧត្តរមានជ័យ នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ តែចាប់ពីថ្ងៃទី ៨-១០ ខែសីហា ទៅ កម្រិតទីក៏ភ្លៀងនឹងអាចកើនឡើងពីមធ្យមទៅបង្គរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។ រលកសមុទ្រធំ ដែលកម្ពស់អាចពី ១-២ ម៉ែត្រ ។ ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ ៤ ៕