ភ្នំពេញ៖ លោក អែលឌីន ហូសៃនីបីន ម៉ូដហាសស៊ីម ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ លោក ម៉ាហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខ នេះ ។ ក្នុងគោលបំណង ដើម្បីបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ពិសេសលើកិច្ចការទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៏ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៉ីប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈ លោក ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ៏៦កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។
ឯកឯកអគ្គរាជទូតថ្មី បានបញ្ជាក់ថា៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមកបំពេញទស្សនកិច្ចជា ការទូតនៅកម្ពុជា បន្ទាប់ពីបានថ្វាយសារ តាំងចំពោះព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩រួចកន្លងមក ។
ឯកអគ្គរាជទូត ម៉ាឡេស៊ី ក៏បានថ្លែងអំណរ គុគុណចំពោះលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលបានអនុញ្ញាតិឲ្យចូលជួបសម្ដែង ការគួរសម និងសុំការណែនាំ ដើម្បីបន្ដពង្រឹង
ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងរាជរដ្ឋាភិបាលប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ពិសេសលើកិច្ចការទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា ។ លោកថា កន្លងមកម៉ាឡេស៊ី ជាប្រទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិតមកដល់បច្ចុប្បន្ន មានអ្នកវិនិយោគទុនម៉ាឡេស៊ីប្រមាណជាង៤០០ក្រុមហ៊ុន កំពុងរកស៊ីនៅកម្ពុជា ។
ទន្ទឹមនឹងនេះ លោក អគ្គរាជទូត ក៏បានចាប់អារម្មចំពោះការរីកចំរើនរបស់កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសវិស័យសំណង់ ដែលកំពុងបំរើឲ្យផលប្រយោជន៍របស់ប្រជាជន និងជំនឿទុកចិត្តដល់អ្នកវិនិយោគបរទេសផងដែរ ។
ជាការឆ្លើយតប លោក កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាមិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្ន មានន័យថា ចាប់តាំងពីកម្ពុជាមានការ លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការចូលរួមស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជាកំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំក្នុងជំរុញលើកកំពស់កិច្ចសហការ និងការពារដៃគូរវិនិយោគទុនទាំងអស់ តាមរយៈនៃការប្រឆាំងអំពើពុករលួយដោយឈរលើស្មារតីអនុវត្តអភិក្រមទាំង៥ ឲ្យកាន់តែមានប្រសិទ្ធិភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
តាមរយៈ ឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរ និងរីកចំរើនរឹងមាំថែមទៀត ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍ចំពោះវត្តមាន របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលនឹងមកដល់កម្ពុជានាពេលខាងមុខដ៏ខ្លី ៕ សំរិត