ខេត្តសៀមរាប៖ ម៉ូតូ២គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់បុរសជាប្ដី និងប្រពន្ធរបួសធ្ងន់ ចំណែកភាគីម្ខាងទៀត របួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះ អ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ សៀមរាប ១w៤៧១៩ បើកបរដោយឈ្មោះពុន ធូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរពីទិសខាងកើតទៅលិច (រងរបួសធ្ងន់) ដល់ចំណុចកើតហេតុបានទៅបុកជាមួយនឹងម៉ូតូម៉ាក វ៉េវ អាល់ហ្វា C១១០ ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខ សៀមរាប ១R.០៣៨៧ បើកបរដោយឈ្មោះ សន រិទ្ឋី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង (ស្លាប់នៅនឹងកន្លែង) ប្រពន្ឋជិះពីក្រោយ ឈ្មោះកុយ រដ្ឋា អាយុ២៣ឆ្នាំ (របួសធ្ងន់) បានបើកបរពីលិចទៅកើត ដល់កន្លែងកើតហេតុបត់ឆ្លងផ្លូវទៅជើង ។
ករណីនេះ អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស៊ឹង រិទ្ឋីរេតសៀមរាប ។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីម៉ូតូរក្សាទុកនៅអធិកានគបាលស្រុកដើម្បីដោះស្រាយ ៕ ប៊ុនរិទ្ធី