ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែង យីហោ ហ្គូតស្តរ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារហាង ចូលលួចទូរស័ព្ទដៃ សុទ្ធតែសេរីទំនើបៗ ជាច្រើនគ្រឿង សរុបជាទឹកប្រាក់ ប្រមាណជាង៣ម៉ឺនដុល្លារ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមផ្លូវចោមចៅ ទល់មុខផ្សាកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ខណៈដែលម្ចាស់ចូលដេកបាត់ ។
តាមសម្តីជនរងគ្រោះជាម្ចាស់ហាង មានឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅ ក្បែរហាងខាងលើ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ បានឲ្យដឹងថា គាត់បើកហាងលក់ទូរស័ព្ទ ចំណុចខាងលើ ប្រមាណ៧ខែមកហើយហើយថ្មីៗនេះ ទូរស័ព្ទថ្មី សេរីថ្មីៗ ចំនួន៦៧គ្រឿងទើបនឹងដាក់ចូលទូ ខណៈដែលហាង បើកលក់ចន្លោះម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបបិទហាង ហើយពុំមានបុគ្គលិក ឬអ្នកណាដេកសម្រាកក្នុងហាងឡើយ ស្រាប់តែនៅព្រឹកថ្ងៃទី០៦នេះ ចេញពីផ្ទះមករកបើកទ្វារហាង ស្រាប់តែឃើញទ្វាររបើកបាត់ទៅហើយ ចូលពិនិត្យមើលក្នុងទូ អស់រលីងទូរស័ព្ទ ថ្មីៗ ទើបឆោឡោរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើលជាក់ស្តែង និងស្រាវជ្រាវ ។
ជនរងគ្រោះបន្តទៀតថា ទិដ្ឋភាពក្នុងហាង កាមេរ៉ាសុវត្ថិភាព ចំនួន២គ្រាប់ត្រូវបានជនសង្ស័យកាច់ ក្បាលចុះក្រោម ខុសទម្រង់ដើម ទូរស័ព្ទក្នុងទូអស់ហើយ សល់តែសំបកចាស់ៗ តែបើតាមពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ជនសង្ស័យ ចំនួនរហូតដល់៥នាក់ មានពាក់ម៉ាស់ ពាក់មួក ហាក់បីដូចជាចោរជំនាញ ចូលធ្វើសកម្មភាពនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី០៦ ខែសីហា នេះហើយ ប្រមូលយកទូរស័ព្ទ បានសម្រេចហើយ គេចខ្លួនបាត់អស់ ។
ជុំវិញករណីជនសង្ស័យ៥នាក់ ទៅធ្វើសកម្មភាពគាស់ហាងលួចទូរស័ព្ទដៃ ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុ និងរាយការណ៍បន្តដើម្បីឲ្យសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ ស្វែងរកជនល្មើស ៕សុខាសែនជ័យ