ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងាររដ្ឋបាលក្រុងស្វាយរៀង ប្រើធម៌ក្ដៅចុះរុះរើសំយាប ដែលសង់លយ និងរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរទាំងអស់ជុំវិញផ្សារវាលយន្ត ត្រូវលក់ដូរមានសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាពស្រស់បំព្រងក្នុងក្រុងស្វាយរៀង ។

ការអំពាវនាវបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅជុំវិញផ្សារវាលយន្ត ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោកបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង និងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុង ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ដឹកនាំដោយ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង សហការជាមួយភាស៊ីផ្សារវាលយន្ត ចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់ជុំវិញចំណតរថយន្ត និងផ្សារវាលយន្ត ដើម្បីថែរក្សាចំនីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្វាយរៀង ។

លោកបន្តថា នៅពេលនេះ ក្រុមការងារ ក៏បានប្រើវិធានការធម៌ក្ដៅ ចុះរុះរើសំយាបកៅស៊ូតង់ដែលក្រុមអាជីករមួយចំនួន លក់ដូរបានសង់លយគ្មានសណ្ដាប់ធ្នាប់បន្ទាប់ពីរដ្ឋបាលក្រុងបានជូនដំណឹងណែនាំច្រើនលើកច្រើនសារមកហើយ ប៉ុន្តែអាជីវករ នៅតែមិនស្ដាប់ ទើបខាងលោកចុះរុះរើ និងរៀបចំតែម្ដង ។

រូបលោក តាំងនាមរដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ ការដាក់តាំងទំនិញ ត្រូវធ្វើតាមការកំណត់របស់រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀតផងដែរ ៕ យឹម សុថាន


ចែករំលែក៖