ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតចងក សម្លាប់ខ្លួនឯងដោយយកក្រមា ចងភ្ជាប់ជាមួយធ្នឹមសង្ក័សី ដំបូលផ្ទះ បន្ទាប់ពីមានជំងឺរ៉ាំរៃយូរឆ្នាំព្យាបាលមិនធូរស្រាល បន្សល់ទុកប្ដីឲ្យនៅកំព្រា ចិញ្ចឹមកូនទាំងវេទនា និងជីវភាពក្រីក្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីគិតខ្លីមាន ឈ្មោះ អ៊ុល សំអាត អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងក្ដុលក្ដួលថាម្ដាយគឺមានជំងឺយូរឆ្នាំមកហើយ រហូតដល់ថ្នាក់រ៉ាំរ៉ៃដោយបានទៅព្យាបាលនៅមន្ទីរពេទ្យ និងគ្រូពេទ្យបានឲ្យថ្នាំសង្កូវផឹកជាប្រចាំ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ណាមួយមានជីវភាពខ្វះខាតផងចេះតែទុករហូត ។
ប្រភពបន្តថា ដោយមុនកើតហេតុ ម្ដាយមិនមាត់កជាមួយបងប្អូន និងមានសភាពស្រងូតស្រងាត់ រហូតដល់យប់កើតហេតុ ស្រាប់តែឃើញគាត់ចងកសម្លាប់ខ្លួនបាត់ទៅហើយ ។
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលជំនាញខេត្តនគរបាលក្រុងប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យសពជាច្រើនម៉ោង ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈមិនមានការសង្ស័យជារឿងឃាដកម្មនោះទេ ៕ យឹម សុថាន