ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារស៊ីនជូរីផ្លាហ្សាប្រមាណ១០០នាក់តវ៉ាបន្ទាប់ថៅកែប្រកាសថារុះរើផ្សារសង់ថ្មី

ចែករំលែក៖

ភ្នំពេញ៖ អាជីវករផ្សារស៊ីនជូរីផ្លាហ្សាប្រមាណជា១០០នាក់ បានផ្ទុះការតវ៉ាប្រឆាំងទៅនឹងថៅកែផ្សារ បន្ទាប់ពីពួកគាត់កំពុងតែលក់ដូរសុខៗ ស្រាប់តែថៅកែផ្សារប្រកាសឲ្យផ្អាកដើម្បីរុះរើផ្សារចោល សាងសង់ថ្មីឡើងវិញ ។

ការតវ៉ាបានផ្ទុះឡើង កាលពីព្រឹកថ្ងៃទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅមុខផ្សារស៊ីនជូរីផ្លាហ្សា មានទីតាំងស្ថិតនៅទល់មុខសួនកុមារពោធិ៍ចិនតុង តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅក្នុងការតវ៉ា ក្រុមអាជីវករ ក៏បានលើករូបថតសម្តេច តេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានទទូចសុំឲ្យសម្ដេចជួយទប់ស្កាត់ការរុះតើផ្សារនោះផងដែរ ។

តាមអាជីវករ ក៏បានចោទ ថៅកែផ្សារនេះហាក់មានចេតនាធ្វើឲ្យពួកគាត់ជួបការលំបាកដើម្បីខ្លួនឯងទទួលបានប្រយោជន៍កាន់តែច្រើនដោយមិនគិតពីទុក្ខវេទនាពួកគាត់ឡើយ ។ ពួកគាត់មិនសុខចិត្តរុះរើនោះទេ បើសិនគ្មានការដោះស្រាយនោះ ។

តាមអាជីវករបានឲ្យដឹងថា នៅក្នុងផ្សារស៊ីនជូរីផ្លាហ្សា មានតូបចំនួន៣៤១តូប និងមាននៅខាងក្រៅ ជុំវិញផ្សារ ទៀត មានតូប និងស្ដង់រាប់មិនអស់ដែលបានរកស៊ីលក់ដូរជាឆ្នាំងបាយម្នាក់ៗ រយៈពេលជាង១០ឆ្នាំ និងអ្នកខ្លះទៀតរហូតដល់ទៅជាង២០ឆ្នាំបែរជាកំពុងលក់ដូរសុខៗ ស្រាប់តែខាងថៅកែផ្សារ ប្រកាសថាឲ្យពួកគាត់ផ្អាកការលក់ដូរដើម្បទុកពេលឲ្យក្រុមហ៊ុនរុះរើផ្សារចោល សាងសង់ថ្មីឡើងវិញ ។ ការរុះរើផ្សារបែបនេះបានធ្វើឲ្យពួកគាត់គ្មានកន្លែងលក់ដូរឡើយ ត្រូវខាតបង់ពេលវេលារាប់ឆ្នាំទំរាំតែផ្សារសាងសង់រួច ។

ទាក់ទងទៅ និងការតវ៉ានេះ តាមបុគ្គលិកផ្សារស៊ីនជូរីផ្លាហ្សាបានឲ្យដឹងថា អាជីវករផ្សារស៊ីនជូរីផ្លាហ្សារនេះបានបញ្ចប់កុងត្រាអស់ហើយទើបក្រុមហ៊ុន ចង់រើផ្សារអភិវឌ្ឍន៍ថ្មីទំនើបស្រាប់តែបងប្អូនអាជីវករប្រមូលផ្តុំគ្នាតវ៉ាមិនឲ្យរុះរើ ។ នៅព្រឹកនោះគេឃើញលោកប៉ាង លីដា អភិបាលរងខណ្ឌបានចុះទៅសម្របសម្រួលជាមួយអាជីវករ ឲ្យពួកគាត់មានភាពស្ងៀមស្ងាត់ និងចាត់តំណាងដើម្បីជួបដោះស្រាយគ្នា ៕ សុខាសែនជ័យ​


ចែករំលែក៖