ភ្នំពេញ ៖ របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយអង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ និងហើយរបាយការណ៍នេះផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបើយោងទៅតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ស្របពេលការសិក្សាផ្សេងៗត្រូវបានធ្វើឡើងតែលើ២៨ករណី ក្នុងចំណោមអ្នកខ្ចីប្រាក់ច្រើនជាង២លាននាក់ នៅក្នុងសៀវភៅកំណត់ត្រានាពេលបច្ចុប្បន្ននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា របាយការណ៍នេះ មិនបង្ហាញពីភាពជាក់ស្តែងទៅលើរូបភាពទាំងស្រុងលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាឡើយ ផ្ទុយទៅវិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ និងបានបង្កើនកម្រិតនៃការជួយផ្តល់ទុនហិរញ្ញវត្ថុ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធលើការសរសេរ និងរៀបចំរបាយការណ៍នេះ បានដឹងយ៉ាងច្បាស់ថា ពួកគេបានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ករណីប៉ុណ្ណោះ ដោយមានមូលដ្ឋានតែទៅលើលទ្ធផលជាអវិជ្ជមានពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ការធ្វើបែបនេះ គឺជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទៅលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក) បានបញ្ជាក់ថា របាយការណ៍ដដែលនេះ បង្ហាញថា «ការស្រាវជ្រាវនេះ មិនត្រូវបានចាត់ទុកថា ជាតួលេខតំណាងឲ្យកម្ពុជា ឬអតិថិជនទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡើយ» ក៏ប៉ុន្តែ របាយការណ៍នេះ និងការស្រាវជ្រាវតែមួយផ្នែករបស់អង្គភាពទាំង២តាមវិធីបែបនេះ ត្រូវបានចាត់ទុកថាជាការបង្ខូចកេរិ៍្តឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលយ៉ាងពិតប្រាកដ។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងទៅលើរបាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដ និងមួលបង្កាច់ទៅលើការអនុវត្តការផ្តល់ប្រាក់កម្ចី ហើយសមាគមនឹងធ្វើការជាមួយនឹងសមាជិករបស់យើងដើម្បីស៊ើបអង្កេតទៅលើការសិក្សាផ្សេងៗលើករណី ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍នេះ។ ក៏ប៉ុន្តែ សមាគមពិតជាមានការសោកស្តាយណាស់ដែលរបាយការណ៍នេះ ផ្តោតតែទៅលើគំរូតូចមួយនៃអ្នកខ្ចីប្រាក់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគមក៏មានការសោកស្តាយផងដែរថា មិនមានសមាជិកណាម្នាក់របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបានទាក់ទងដោយអ្នកសរសេររបាយការណ៍នេះ អំឡុងពេលនៃការបំពេញការងាររបស់ពួកគេ»។ លោក គា បូរាណ បានមានប្រសាសន៍បន្ថែមថា៖ «យើងមិនទាន់បានត្រួតពិនិត្យរបាយការណ៍នេះទាំងស្រុងនៅឡើយទេ ដោយសាតែរបាយការណ៍នេះ ទើបតែត្រូវបានចេញផ្សាយនៅថ្ងៃនេះ ប៉ុន្តែ យើងមានការយកចិត្តទុកដាក់ជាខ្លាំងទៅការពិពណ៌នាដែលមិនត្រឹមត្រូវ ឬអវិជ្ជមានទៅលើកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលសមាជិករបស់យើងត្រូវបានតម្រូវឲ្យអនុវត្តតាមនីតិវិធីជាច្រើនទាក់ទងនឹងការកាត់បន្ថយ និងការវិភាគយ៉ាងតឹងរ៉ឹងបំផុតលើហានិភ័យដែលប្រឈមមុខ ក៏ដូចជាវិធីសាស្ត្រ
លើការការពារអតិថិជនយ៉ាងម៉ត់ចត់បំផុត នៅទីផ្សារមីក្រូហិរញ្ញវត្ថុធំៗនានា នៅក្នុងពិភពលោកដែលកំពុងតែអភិវឌ្ឍ»។
លោក គា បូរាណ បានបញ្ជាក់ថា៖ «បើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក វិស័យមីក្រូហិរញ្ញវត្ថុបានក្លាយជាតួអង្គដ៏សំខាន់លើទៅការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រីពី ៤៧ភាគរយ នៃអត្រាប្រជាជនសរុបក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥ភាគរយ នៃអត្រាប្រជាជន ក្នុងឆ្នាំ២០១៤»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយវ័ស័យគំរូមួយក្នុងចំណោមវ័ស័យគំរូដ៏ជោគជ័យបំផុតសម្រាប់បរិយាប័ណ្ណហិរញ្ញវត្ថុទូទាំងពិភពលោក និងត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាករណីសិក្សាស្រាវជ្រាវជាវិជ្ជមានមួយទៅលើកម្រិតនៃភាពងាយស្រួលដែលមីក្រូហិរញ្ញវត្ថុ ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋក្រីក្រ ក្នុងប្រទេសកំពុងអភិវឌ្ឍ។ បើទោះបីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលស្គាល់ថា អត្រានៃបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ សមាគមនេះ ក៏បានកត់សម្គាល់ឃើញផងដែរថា អត្រានៃការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុ បានកើនឡើង ៣៩ភាគរយ ស្របពេលដែលអត្រាកម្ចី បានកើនឡើងត្រឹមតែ ៣២ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨៕ វឌ្ឍនា