ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកដាំដើមឈើប្រណីតៗជាច្រើនដើម នៅក្នុងមូលដ្ឋានដើម្បីលើកសោភ័ណភាព រាជធានីភ្នំពេញ ក៏ដូចជារក្សាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ និងដើម្បីបណ្តុះគំនិតឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ដើមឈើផងដែរ ។
ពិធីដាំដើមឈើនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោកឯក ឃុនដឿនអភិបាលខណ្ឌខណ្ឌទួលគោក និងបានសហការគ្នាជាមួយលោកសំ សាមុតប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការរាជធានីភ្នំពេញនៅតាមបណ្ដោយមហាវិថីនេរុហ៍ ក្នុងសង្កាត់ផ្សារដេប៉ូ៣ សង្កាត់ផ្សារដេប៉ូ១ និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីលើកសោភ័ណភាពភាពរាជធានីភ្នំពេញ ។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា នេះគឺជាថ្ងៃដំបូង ដោយយើងត្រូវដាំដើមឈើចំនួន៥០ដើម លើផ្លូវនេរុហ៍ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅដល់ផ្លូវ ផ្លូវព្រះមុនីរ៉េតដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពទាក់ទាញ ក៏ដូចជាចង់បំផុសប្រជាពលរដ្ឋ ឲ្យចេះដាំដើមឈើ ស្រឡាញ់ដើមឈើ ថែទាំដើមឈើ ហើយដើមឈើដែលយើងត្រូវដាំនេះជាប្រភេទដើមឈើប្រណីតប្រណីត ជាសម្បត្តិ វប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយ ។
លោកបានបញ្ជាក់ថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌនៅកណ្ដាលក្រុង ធ្វើការដាំដើមឈើប្រណីតប្រណីតដូចជាធ្នង់ សុក្រម នាងនួន គ្រញូងជាដើម ដោយយើងដាំឲ្យមានតម្លាភាព គម្លាតពីគ្នាប្រវែង៨ ម៉ែត្រ និងដាំមិនឲ្យចំមុខខ្លោងទ្វារផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចេញ ចូលឡើយ ។
លោកបញ្ជាក់ទៀតថា សំរាប់ជំហានទី២ទៀត អាជ្ញាធរខណ្ឌ និងស្វែងរកទីតាំងសាធារណៈមួយចំនួនទៀតដើម្បីដាំដើមឈើនេះឲ្យបានរហូតដល់២០០ទៅ ៣០០ដើមនៅក្នុងមូលដ្ឋានខណ្ឌទួលគោកថែមទៀត ដើម្បីឱ្យ មូលដ្ឋានរបស់យើង មានផ្ទៃបៃតងមានបរិស្ថានល្អ និងមានខ្យល់អុកស៊ីសែនល្អ ។
លោកឯកឃុន ដឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ លើការដោះលែងចិញ្ចើមផ្លូវ ដើម្បីយើងមានលទ្ធភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អផង និងដាំដើមឈើដើម្បីបរិស្ថានល្អផង ៕ ជ្រោយពេជ្រ