ព័ត៌មានទាន់ហេតុការណ៍៖

ជន​សង្ស័យ​ពីរ​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​លួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មាន​​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​២៣និង៣០​នាទី​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩​ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​របស់​ជន​បរទេស​ ជនជាតិ​ចិន​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ នៅផ្លូវសេតេ​ ជិត​គ្លីនិក​សេតេ​ ក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​រលាត់​ដៃ​ជើង​ រង​របួស​មធ្យម​ ហើយ​ពួក​ជន​ល្មើស​ បាន​ឆក់​យក​ទូរ​សព្ទ័​ដៃ​ ម៉ាក​i-Phone 6Plus ពណ៌មាសមួយ​គ្រឿង​ទៅ​បាត់​។

លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផាលី​ស្នងការ​រងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា​៖ ក្រោយពេល​ទទួល​បាន​ដំណឹង​នេះភ្លាម​ កម្លាំងល្បាត​ របស់​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហ​ការ​គ្នា​ ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ រហូតដល់ការចាប់ខ្លួន​ជនសង្ស័យ​បានចំនួន២នាក់៖

១.ឈ្មោះ សាវឿន ម៉េងហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ​ដ្ឋាន​ ភូមិ៤ សង្កាត់លេខ​៤ ក្រុង/ខេត្តព្រះសីហនុ មុខរបរបុគ្គលិកកាស៊ីណូ។

២.ឈ្មោះ ញិញ គង្គារ ភេទប្រុស អាយុ១៩ឆ្នាំ នៅ​ភូមិ៤ សង្កាត់លេខ​៤ ក្រុង/ខេត្តព្រះសីហនុ មុខរបរកម្មករសំណង់​ ហើយចាប់យកបានវត្ថុ​តាង​មាន​ ៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក i-Phone 6Plus ពណ៌មាស(របស់​ជន​រង​គ្រោះ)​ និង​ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខៈ ព្រៃវែង 1L-8942 មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។

ជនរងគ្រោះ​ក្នុង​ករណី​នេះ​ ឈ្មោះ Qiu XinWang ភេទប្រុស ជនជាតិចិន អាយុ​៣២ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន​ឥវ៉ាន់ មានទីលំនៅភូមិ៣ សង្កាត់លេខ​៣ ក្រុង/ខេត្តព្រះសីហនុ រង​របួសរលាត់ដៃទាំងសងខាង និងជើង។

ករណីនេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុង​កសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ​តាម​នីតិវិធី​ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖