ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបរអេស្កាវ៉ាទ័របានឡើងចងខ្សែភ្លើងឲ្យខ្ពស់ងាយស្រួលកាយដី ធ្វើផ្លូវបែរជាផ្ទុះឆ្លងឆក់ ឆេះខ្លោចមួយចំហៀងខ្លួនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះកងពលតូច៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅការដ្ឋានធ្វើផ្លូវ ចំណុចក្លោងទ្វារវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ស្រៀង ហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកគ្រឿងចក្រ អេស្កាវ៉ាទ័រ ស្នាក់នៅការដ្ឋានកន្លែងធ្វើផ្លូវ មានស្រុកកំណើត ភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងលើបានប៉ែលអេស្តាវ៉ាទ័រ ហើយបានឲ្យ អ្នកបើកបរអេស្កាវ៉ាទ័រមួយគ្រឿងទៀត លើកប៉ែល ដើម្បី ចងលើកខ្សែភ្លើង ហើយពេលដែលលើកនោះ ប៉ែកអេស្កាវ៉ាទ័រ លើកទៅក្បែរ ខ្សែកាបភ្លើងដែលមានកម្លាំងខ្លាំង និងបំពាក់ត្រង់ហ្វ័រ ភ្លើងផងដែរ ទើបបណ្តាលឲ្យឆ្លងផ្ទុះ ជាអណ្តាតភ្លើងឆក់ឆេះជនរងគ្រោះ ខ្លោចមួយចំហៀងខ្លួន រងរបួសធ្ងន់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះកងពលតូច៧១១ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ