បាតុកម្មប្រឆាំងរដ្ឋាភិបាលចិន នៅតែមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបី រដ្ឋាភិបាលហុងកុងបានប្រើប្រាស់កម្លាំង ដើម្បីបំបែកហ្វូងបាតុករក្តី ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉ាកាំងបានព្រមានដល់ប្រទេស ផ្សេងទៀតមិនត្រូវលូកដៃ ចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ចិន នោះឡើយ ។
កោះហុងកុងគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន ដោយចិនបានអនុញ្ញាតឲ្យ គ្រប់គ្រង់ដោយស្វ័យភាពតែប៉ុណ្ណោះ ។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើកោះហុងកុង នៅតែមានសភាពបែបនេះទៀត រដ្ឋាភិបាលទីក្រុងប៉េកាំង មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជូនកម្លាំងទាហានទៅការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះ ។ លើសពីនេះទៅទៀត ចិនអាច ដកសិទ្ធិគ្រប់គ្រង ស្វ័យភាពពីកោះហុងកុងវិញ ដូចអ្វីដែលឥណ្ឌាបានធ្វើទៅលើ តំបន់កាស្មៀរជាដើម ។
ស្ថានការណ៍តានតឹងនៅទីក្រុងហុងកុង ហាក់បានរសាយឡើងវិញនាព្រឹកថ្ងៃចន្ទនេះ ក្រោយបាតុកម្ម និងការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបន្តកើតឡើងជាច្រើនសប្តាហ៍ហើយ ខណៈស្ថានីយរថភ្លើង និងផ្លូវក្រោមដី ត្រូវបានបើកដំណើរការជាធម្មតាឡើងវិញ ។ យ៉ាងណាមិញសម្រាប់សប្តាហ៍នេះ គម្រោងសកម្មភាពតវ៉ានៅតែមានដដែល ។
កាលពីថ្ងៃ១១ ខែសីហា កន្លងមក មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយកម្លាំងប៉ូលិសហុងកុង និងការចោលដបសាំងពីក្រុមបាតុករ នៅតាមតំបន់ខុសៗគ្នានៃទីក្រុងហុងកុង ហើយកំឡុងពេលនោះ ក៏មានទាំងអ្នករងរបួស និងការចាប់ខ្លួនផងដែរ ។ ខណៈ នាព្រឹកថ្ងៃចន្ទនេះ មានសភាពស្ងប់ស្ងាត់ ក្រុមបាតុករគ្រោង និងបន្តប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះអន្តរជាតិហុងកុងក្នុងថ្ងៃនេះទៀត ដែលវា និងមានរយៈពេល ០៤ថ្ងៃជាប់គ្នា ។ ក្រុមអ្នកតវ៉ាក៏ និងប្រមូលផ្តុំគ្នានៅក្រៅទីស្នាក់ការប៉ូលិសជាថ្មីទៀត នៅយប់ថ្ងៃចន្ទនេះផងដែរ ។
គួរជម្រាបថា គិតចាប់តាំងតែពីបាតុកម្មបានចាប់ផ្តើមឡើងកាលពីជាងពីរខែមុន ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សជាង ៦០០នាក់ ហើយវាបានប្រែក្លាយពីបាតុកម្មមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន ដែលបានរលាយសាបសូន្យហើយនោះ ទៅជាការប្រឆាំងរដ្ឋបាលទីក្រុងហុងកុងតែម្តង ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សកម្មភាពតវ៉ានេះកាន់តែផ្ទុះអំពើហិង្សាខ្លាំងឡើងៗ និងបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ សម្រាប់តំបន់ស្វ័យពិសេសរបស់ចិនមួយនេះ ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំងផងដែរ ។
នៅថ្ងៃទី១១សីហានេះ ប្រជាជនហុងកុង បានបន្តជួបជុំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងតវ៉ា និងអំណាចផ្តាច់ការរបស់ចិនប៉េកាំង ។ ដោយឡែក កាលពីថ្ងៃសៅ ក្បួនបាតុកម្ម ជាច្រើនកន្លែងបានបង្កឲ្យមានការប៉ះទង្គិចគ្នាខ្លាំង ជាមួយ និងសមត្ថកិច្ច ។ គួរកត់សំគាល់ថា អស់រយៈពេលប្រមាណ២ខែមកនេះ ចលនាបាតុកម្មរបស់ប្រជាជនហុងកុង កំពុងតែចាប់ផ្តើម ធ្វើឲ្យមានផលអវិជ្ជមានខ្លះ ទៅលើវិស័យសេដ្ឋកិច្ច ។
កម្លាំងបាតុកម្ម របស់ប្រជាជនហុងកុង ហាក់មិនបានចុះថយទេ គឺកាន់តែរីកធំ បន្ទាប់ពី លោកស្រីប្រមុខរដ្ឋបាលហុងកុង បានអះអាងថា និងមិនចុះញ៉ម ។ នៅរសៀលថ្ងៃអាទិត្យទី១១សីហា នៅទីលានសួនច្បារ Victoria Park មានមនុស្សរាប់ពាន់នាក់ មានក្មេងមានចាស់ មកជួបជុំគ្នា ។ ស្ត្រីបាតុករម្នាក់ បានបញ្ជាក់ថា នគរបាលហុងកុង បានអនុញ្ញាតឲ្យមានការជួបជុំនៅមួយកន្លែង តែហាមមិនឲ្យដើរក្បួនទេ ។ តែយ៉ាងណាស្ត្រីបាតុកររូបនេះ បានអះអាងថា ក្រុមបាតុករ និងមិនញញើត ក្នុងការធ្វើដំណើរតាមដងផ្លូវទេ ។
ទន្ទឹមគ្នានោះដែរ នៅឯសង្កាត់កៅលន់ឯណោះ ក៏មានការជួបជុំបាតុករហុងកុង ជាច្រើនពាន់នាក់ដែរ ។ ហើយចំណែក នៅឯព្រលានយន្តហោះហុងកុងវិញ ក្រុមបាតុករប្រជាធិបតេយ្យ នៅតែបន្តអង្គុយជួបជុំគ្នាអស់រយៈពេល៣ថ្ងៃមកហើយ ដើម្បីផ្សព្វផ្សាយប្រាប់ទៅភ្ញៀវបរទេស ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ ឲ្យបានដឹង និងចូលរួមក្នុងចលនាតវ៉ារបស់ពួកគេ ។
ផ្តើមចេញពីការតវ៉ា ប្រឆាំង និងគំរោងច្បាប់ធ្វើបត្យាប័ន បាតុករប្រជាធិបតេយ្យហុងកុង បានពង្រីកចលនាបាតុកម្មរបស់ខ្លួន ឲ្យកាន់តែរីកធំ ដោយមានការចូលរួមពីប្រជាជនហុងកុងទូទៅ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទាមទារ ឈប់ឲ្យចិនប៉េកាំង កៀបសង្កត់សិទ្ធិសេរីភាពរបស់ហុងកុង ។ បាតុករប្រជាធិបតេយ្យ បានទាមទារ ឲ្យលោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយត្រូវរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ដើម្បីជ្រើសរើសប្រមុខដឹកនាំថ្មី របស់ហុងកុង មិនមែនជាការតែងតាំង ដោយបក្សកុម្មុយនីស្តប៉េកាំងនោះទេ ។ បាតុករប្រជាធិបតេយ្យ ក៏បានទាមទារដែរ ឲ្យមានការស៊ើបអង្កេតឯករាជ្យ ស្តីពីការប្រើអំពើហិង្សារបស់នគរបាល ទៅលើក្រុមបាតុករ ។
ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រីការី ឡាំ ប្រមុខរដ្ឋបាលហុងកុង បានសន្យាថា លោកស្រី និងមិនចុះញ៉មចំពោះចលនាបាតុកម្ម យ៉ាងអាណាធិបតេយ្យនេះជាដាច់ខាត ។ លោកស្រីក៏បានលើកឡើងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍របស់ហុងកុង ដែលបណ្តាលមកពីចលនាបាតុកម្ម ជាង២ខែមកនេះ ។ យោងតាមតួលេខផ្លូវការ ចំនួនកក់បន្ទប់តាមសណ្ឋាគារ បានធ្លាក់ចុះប្រមាណ៥០% នៅក្នុងខែកក្កដា ។ លោក Edward Yau រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មហុងកុង បានលើកឡើងថា ចលនាបាតុកម្មជាង២ខែមកនេះ កំពុងតែធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចហុងកុង ស្ថិតក្នុងគ្រោះថ្នាក់បំផុត៕