ព័ត៌មានទាន់ហេតុការណ៍៖

តាមបណ្តាក្រុង ស្រុកមួយចំនួន នៅខេត្តសៀមរាប ទទួលរងគ្រោះរាំងស្ងួត ធ្វើឲ្យស្រូវស្វិត ងាប់ជាបណ្តើរៗ

ចែករំលែក៖

ខេត្តសៀមរាប៖ តាមប្រសាសន៍របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩បានឲ្យដឹងថា ខេត្តសៀមរាបកំពុងតែជួបកូនរដូវប្រាំងដែលអូសបន្លាយយូធ្វើឲ្យស្រូវប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ហើយនៅក្នុងរយៈពេល១សប្តាហ៍ទៀតនោះ បើមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំអាចសង្គ្រោះបាន ប៉ុន្តែបើភ្លៀងនៅតែមិនបន្តធ្លាក់ទៀតទេនោះ ស្រូវជាច្រើនអាច និងខូចខាតទាំងស្រុង ។ លោកបន្តថា ស្រុកដែលមានស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺមានស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ។

លោកបន្តថា ពាក់ព័ន្ធគ្រោះរាំងស្ងួតនេះ អាជ្ញាធរខេត្តបានប្រើប្រាស់មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបានសម្រាប់តែស្រែដែលមានប្រព័ន្ធធារាស្រ្តធំៗនៅជិតប៉ុណ្ណោះ សម្រាប់ស្រែដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបាននោះទេ ដោយមានតែរងចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ ។ ក្រៅពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរខេត្តសៀមរាប កន្លងទៅថ្មីនេះក៏បាននាំយកស្រូវពូជចំនួន២៩តោន ទៅចែកជូនដល់ប្រជាកសិករចំនួន៥៤០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួកខេត្តសៀមរាប ដែលជាស្រុករងគ្រោះរាំងស្ងួតច្រើនជាងគេ ។ ហើយពូជស្រូវទាំងនេះ ត្រូវបានចាត់ចែងផលិតដោយកសិដ្ឋានទួលសំរោង មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥% ធានាការដំណុះគ្រប់គ្រាប់មិនទាបជាង៨០% នោះឡើយ ។ ហើយពូជស្រូវ ទាំងនេះ និងអាចដោះស្រាយបញ្ហាប្រឈមចំពោះគ្រោះធម្មជាតិចំពោះមុខ ជាពិសេសនោះ គឺគ្រោះរាំងស្ងួត ដែលជួយធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារឡើងវិញលើផ្ទៃដីបង្កបង្កើនផលដែលបានខូច ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត ដំណាំស្រូវរងផលប៉ះពាល់ទូទាំងខេត្តមាន ១៥ពាន់៩៣៨ហិកតា ស្រូវស្រាល ៥ពាន់១៧៣ហិកតា ស្រូវកណ្តាល៨ពាន់៩៤៧ហិកតា ស្រូវធ្ងន់ ១ពាន់៦៥២ហិកតា, ស្រូវចំការ១៦៦ហិកតា លើ៨ស្រុក មាន៤៧ឃុំ និង ៣០៥ភូមិ មានគ្រួសាររងគ្រោះ ១៧ពាន់៩៥៦គ្រួសារ ។ ក្នុងដំណាំស្រូវរងការខូចខាត មាន ចំនួន ៥៥៥ហិកតា នៅក្នុងស្រុកពួក ក្រឡាញ់ និង ស្រុកសូទ្រនិគម ដែលមាន១២ឃុំ ស្មើ ៧៩ភូមិគ្រួសាររងគ្រោះ មាន ៩៥៥គ្រួសារ ។

សូមបញ្ជាក់ថា ខណៈខេត្តសៀមរាបជួបគ្រោះរាំងស្ងួត ប៉ុន្តែមានខេត្តមួយចំនួនជួបគ្រោះទឹកជំនន់ទៅវិញ ដូចជា ខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តមណ្ឌលគិរី ៕ ប៊ុនរិទ្ធី


ចែករំលែក៖