ខេត្តបន្ទាយមានជ័យ៖ ខណៈដែលគេឃើញនៅតាមបណ្តាខេត្តមួយចំនួនកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដោយឡែកនៅខេត្តបន្ទាយមានជ័យឯណោះវិញ ខ្វះទឹកស្រោចស្រពដំណាំស្រូវ នាំឲ្យប្រជាកសិករមួយចំនួននៅស្រុកមង្គលបូរី បានមានជម្លោះដណ្តើមទឹកគ្នា ប្រញាប់ឲ្យអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួល ដោះស្រាយដើម្បីបញ្ចៀសបញ្ហាតានតឹងដាក់គ្នា ។
អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅថ្មីៗនេះបានចុះទៅសម្របសម្រួលដោះស្រាយ នៃការទាមទាររបស់ប្រជាកសិករនៅឃុំគោកបល្ល័ង្គ ដែលកើតទុកមិនសុខចិត្ត ដោយសារប្រជាកសិករនៅឃុំស្រះរាំង និងឃុំបន្ទាយនាងបានបិទប្រឡាយទឹកជាអន្លើៗនៅផ្នែកខាងលើ នៃប្រឡាយស្ពានក្រឡ សម្រាប់យកទឹកបញ្ចូលស្រែ បង្កឲ្យប៉ះពាល់ដល់ប្រជាកសិករនៅឃុំគោកបល្ល័ង្គ ដែលស្រូវបង្កើនរដូវរបស់ពួកគាត់ជាង៣ពាន់ហិកតារៀប នឹងចេញផ្លែទៅហើយ ប៉ុន្តែខ្វះទឹកស្រោចស្រពអាចបណ្តាលឲ្យស្រូវស្កក ។
អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ប្រាប់ឲ្យដឹងថា បញ្ហាទឹកនៅស្រុកមង្គលបូរីមានការខ្វះខាតជាខ្លាំង ដោយសារតែភ្លៀងធ្លាក់មកតិចតួច ។ ការផលិតស្រូវរបស់កសិករ នៅស្រុកមង្គលបូរីនៅឆ្នាំនេះមានរហូតដល់ទៅជាង៥ម៉ឺនហិកតា ។
លោកអភិបាលស្រុកប្រាប់ឲ្យដឹងទៀតថា ការចុះមកសម្របសម្រួលដោះស្រាយជូនដល់កសិករខ្វះទឹកនៅក្នុងឃុំគោកបល្ល័ង្គ គឺអាជ្ញាស្រុកបានសុំគោលការណ៍ពីមន្ទីរជំនាញធនធានទឹកខេត្ត អាជ្ញាធរខេត្ត និងបានអនុញ្ញាតយកអេស្កាមកកាយដាក់លូឲ្យធំនៅចំណុចប្រឡាយតាចាន់ ក្នុងឃុំស្រះរាំង ដើម្បីឲ្យទឹកបានហូរខ្លាំងពីផ្នែកខាងលើជួយដល់ការស្រោចស្រពកសិករនៅឃុំគោកបល្ល័ង្គ ។ មិនតែប៉ុណ្ណោះ បានណែនាំដល់កសិករផលិតស្រូវនៅផ្នែកខាងលើមិនឲ្យទប់ទឹកនោះទេ គឺអនុញ្ញាតឲ្យបូមទឹកចេញពីប្រឡាយតែប៉ុណ្ណោះ ។ ពីព្រោះធ្វើបែបនេះ គឺយើងចង់ឲ្យកសិករទាំងអស់ទទួលបានផល និងមានទឹកប្រើប្រាស់ស្មើគ្នា ក្នុងគោលបំណងបញ្ចៀសកុំឲ្យមានជម្លោះកើតមាន ៕ សំ វិច្ឆិកា