ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៤ភូមិអំពាវនាវដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្តជួយដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូ ធ្វើឲ្យទឹកជន់លិចស្រូវ នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុង ឃុំប្រសូត្រ ស្រុកស្វាយទាប បានអំពាវនាវដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត មេត្តាជួយ ដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូ ធ្វើឲ្យទឹកជន់លិចស្រូវ របស់ប្រជាពលរដ្ឋជាង៣០០ហិកតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

បើតាមតំណាងប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំចំនួន២គឺ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ ស្នើសុំកិច្ចអន្តរាគមន៍ ដល់អាជ្ញាធរស្រុកខេត្តមេត្តាជួយ ដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូ ធ្វើឲ្យទឹកជន់លិចស្រូវ របស់ប្រជាពលរដ្ឋជាង៣០០ហិកតា នៅក្នុងភូមិចំនួន៤ គឺភូមិអង្គតាមោគ ភូមិព្រៃទួល ភូមិទួលតាយឹងឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌ ។

យោងតាមលោក តា មាឃសេងហាន អាយុ៨១ឆ្នាំ ក្នុងភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាបបានឲ្យដឹងថា មានក្រុមហ៊ុនចិន បានដឹកដីចាក់លុបអូរបិទលូដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និង លិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគអស់៨៧ហិកតា លិចស្រូវប្រជាពលរដ្ឋភូមិ ព្រៃទួល និងភូមិទួលតាយឹងអស់១០០ហិកតា ។

ចំណែកលោកតានួនសុផលអាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញឃុំញរស្រុកកំពង់រោទ៌បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតាផងដែរ ។

ប្រភពដដែលបន្តទៀតថា អូរបុរាណនេះចាស់បុរាណហៅថា អូរដំរីឆ្លង ដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាបទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ ។

ទាក់ទិនករណីខាងលើនេះដែរ លោកអ៊ុក ប៉ាក មេឃុំប្រសូត្របានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយ គឺថ្ងៃទី២៩ ខែកក្កដា ២០១៩ លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិន និងពួកគោកជេដីផ្អាកការចាក់ដីនោះសិន ក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិន មិនព្រមផ្អាកលោក (មេឃុំ) ក៏បានរាយការណ៍ជូន លោកអភិបាលស្រុកស្វាយទាប ដោះស្រាយ ក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យ លោកអភិបាលស្រុកទៅជួបលោកអភិបាលខេត្តទៅ ពីព្រោះក្រុមហ៊ុន គេចាក់ដីលើដីរបស់គេទិញ ប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ ។

ទាក់ទិនករណីនេះដែរ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ជុំវិញរឿងក្រុមហ៊ុនចិនចាក់បិទអូរនេះ លោកមិនទាន់ ដឹងនៅឡើយ តែលោកបានឲ្យអភិបាលស្រុកចុះទៅ ពិនិត្យមើលហើយ រឿងនេះ លោកក៏ចុះទៅពិនិត្យផ្ទាល់រសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០១៩នេះផងដែរ ៕ យឹម សុថាន


ចែករំលែក៖