ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសង្កែ បានរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយឡែកតំបន់មួយចំនួនផ្សេងទៀត ដូចជានៅស្រុកមោងប្ញស្សី ស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី គ្មានទឹកគ្រប់គ្រាន់សម្រាប់ផលិតដំណាំស្រូវនោះទេ ដោយស្រូវប្រមាណជាង៣ម៉ឺនហិកតា នៅក្នុងតំបន់នៃស្រុកទាំង៣ បាន និងកំពុងរងផលប៉ះពាល់នៃគ្រោះរាំងស្ងួត ។
អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ បានប្រាប់នៅព្រឹកថ្ងៃទី១២ ខែសីហា ឲ្យដឹងថាស្ថានភាពទឹកស្ទឹងសង្កែនៅថ្ងៃនេះបានស្រកជាង១ម៉ែត្រទៅវិញនោះហើយ ទឹកស្ទឹងសង្កែនៅតែបន្តស្រកជាបន្តបន្ទាប់ទៀត ។ ក្រោយពីបិទទំនប់ពហុបំណងសេកសក ក្នុងស្រុករតនៈមណ្ឌល កាលពីថ្ងៃម្សិលមិញទី១១ ខែសីហា ដើម្បីរក្សាទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ធ្វើកសិកម្ម ។ បន្ទាប់ពីទឹកភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូតបានខ្សោយឥទ្ធិពលទៅវិញក្នុចាប់តាំងពីយប់ថ្ងៃទី១១ សីហា ក្នុងកំរិតទឹកភ្លៀងធ្លាក់២៣មីល្លីម៉ែត្រ ប៉ុណ្ណោះ ។
លោកអភិបាលខេត្តបាត់ដំបងប្រាប់ឲ្យដឹងទៀតថាទឹកស្ទឹងសង្កែបានហក់ឡើងខ្ពស់កាលពីថ្ងៃទី១០ និងទី១១ខែសីហា ប៉ុន្តែមិនទាន់ដល់កំរិតប្រកាសអាសន្ននោះទេ ។ កំរិតប្រកាសអាសន្នគឺកំពស់១៣.៨០ម៉ែត្រ ។ កំរិតទឹកឡើងខ្ពស់នៅពេលនោះដោយសារតែការបើកទ្វារទឹកទំនប់ពហុបំណងសេកសកដើម្បីរំដោះទឹកចេញ ខណៈទឹកភ្លៀងបានហូរបុកខ្លាំងពេកពីស្រុកសំឡូតចូលក្នុងទំបន់ស្តុកទឹកពហុបំណងសេកសក ។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ប្រាប់ទៀតថា ការជន់លិចទឹកភ្លៀងតាមដងស្ទឹងសង្កែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប៉ុន្មាននោះទេ ។ ជាធម្មតាប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងជួបការលិចលង់ផ្ទះមួយចំនួនចៀសមិនផុតនោះឡើយ ។ ជំនន់នោះវាបានផ្តល់ទឹកជួយសង្រ្គោះស្រូវកសិករជាង៤ពានហិកតានៅស្រុកឯកភ្នំ ។ ស្រូវជាង៤ពាន់ហិកតានោះបានរងគ្រោះដោយភាពរាំងស្ងួតកន្លងមក ។ នៅពេលនេះបានទទួលទឹកពីស្ទឹងសង្កែ និងបានសង្រ្គោះឲ្យរស់ឡើងវិញ ។
ជុំវិញបញ្ហាគ្រោះធម្មជាតិនេះផងដែរ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា ខេត្តបាត់ដំបងមានតំបន់ខ្លះបានរងការជន់លិចដោយទឹកភ្លៀង ប៉ុន្តែនៅតំបន់មួយចំនួនផ្សេងទៀតបែរជាក្រខ្សត់ទឹកភ្លៀងទៅវិញ ។ តំបន់ខ្លះនៃស្រុកមោងប្ញស្សី ស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី ជួបគ្រោះរាំងស្ងួតស្រូវប្រមាណជាង៣ម៉ឺនហិកតារងផលប៉ះពាល់ប្រឈមខូចខាតដោយតំបន់នោះគឺនៅឆ្ងាយពីសំណាង់ធារាសាស្រ្តផងដែរ ៕ សំ វិច្ឆិកា