ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលមានទីតាំងជាប់ស្របនឹងគល់ស្ពានជ្រោយចង្វា ចូលទៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កំពុងរងការទ្រុឌទ្រោមខ្លាំងជង្ហុកតូចធំមិនត្រឹមតែប៉ុណ្ណោះ ខណៈមេឃភ្លៀងមកម្តងៗ ដក់ទឹកលិចយានយន្តប្រជាពលរដ្ឋ និងសិស្សសាលាខាតពេលវេលា និងការសិក្សាខូចទាំងទ្រព្យសម្បត្តិថែមទៀតតែផ្ទុយទៅវិញ អាជ្ញាធរហាក់បីមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះសោះ ។
គេសង្កេតឃើញថា តាមដងផ្លូវខាងលើចាប់ពីគល់ស្ពានជ្រោយចង្វាត្រើយខាងកើតជំហៀងខាងជើងស្ពានស្ពោះទៅតាមដងទន្លេងស្ថិតក្នុងភូមិដើមគរសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គឺមានសភាពជង្ហុកធំៗ ពេលមេឃភ្លៀងមកម្តងៗ តែងតែដក់ទឹក គ្មានលូ ហូរចេញពិបាកការធ្វើដំណើរ និងបងប្អូនរស់នៅថែមទៀត ។
យើងសង្កេតឃើញថា មួយរយះនេះភ្លៀងធ្លាក់មិនរាំង ធ្វើអោយផ្លូវកាន់តែខូចធ្ងន់ធ្ងរទៅៗ ធ្វើអោយបងប្អូនជាពិសេសសិស្សសាលាធ្វើដំណើរឆ្លងកាត់ប្រលាក់សម្លៀកបំពាក់ខូចយានជំនិះ ថែមទាំងខាតពេលវេលា ការសិក្សាទៀតផង ។
បើតាមការបង្ហើបពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវខាងលើកន្លងមកមានជង្ហុកតូចៗនោះទេ តែដោយសារតែយប់ជ្រៅឡើង និងទៀបភ្លឺ តែងតែមានរថយន្តធុនធំដឹកសត្វគោឆ្លងកាត់ទីនោះ យកទៅដាក់អោយម៉ូយកុងស៊ីកាប់គោ ទើបផ្លូវនេះទ្រុឌទ្រោម កាន់តែខ្លាំងទៅៗបែបនេះ ។
ដូចនេះ ប្រជាពលរដ្ឋស្នើដល់លោកឃ្លាំងហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា មេត្តាចុះពិនិត្យមើលផង ៕ សុខាសែនជ័យ