ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំងខ្ទាតទៅបុកកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវខ្ទាត ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាត ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីយោធាបើករថយន្តម៉ាក ISUZU ពណ៌ត្រីអ៊ីពាក់ស្លាកលេខខេមរ:ភូមិន្ទ 01 .2.2599 ធ្វើដំណើរផ្លូវលេខ២០០៧ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករទេះលក់សាច់អាំង អែបចិញ្ចើមផ្លូវខ្ទាតទៅផ្ទប់កង់បីមួយគ្រឿងទៀត បណ្ដាលរងការខូចខាត និងម្ចាស់រទេះលក់សាច់អាំងរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ ។

ចំណែករថយន្តមិនព្រមឈប់ ព្យាយាមបើករត់ទាំងបែកកង់មុខ តាមបណ្ដោយផ្លូវលេខ១៩៨៦ ទើបបើកទៅមុខលែងរួច ម្ចាស់បានបើកទ្វារចុះ រួចឡើងរថយន្តមួយគ្រឿងទៀត ជិះចេញទៅបាត់រថយន្តចោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកស្ទូចរថយន្ត និងរទេះលក់សាច់អាំង ទៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖