ព័ត៌មានទាន់ហេតុការណ៍៖

តំបន់កាស្មៀរ កាន់តែតានតឹង ប៉ាគីស្ថានបញ្ជូនសព្វាវុធបន្ថែម ទៅកាន់ព្រំដែន

ចែករំលែក៖

នៅពេលនេះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រៀបប្រដូចរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារ៉ានដ្រា ម៉ូឌី ទៅ នឹងរបបហ៊ីត្លែរ ណាហ្ស៊ី ។ ជាការពិត ប៉ាគីស្ថាន បានផ្ទុះកំហឹងជាខ្លាំង ចំពោះការដែលរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី សម្រេចដកស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ ។ លោកថា នេះមិនខុសពីរបបដឹកនាំតាមបែបណាហ្ស៊ីហ៊ីត្លែរនោះទេ ។

ជាក់ស្តែង ក្រៅតែពីផ្តាច់ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ជាមួយឥណ្ឌា លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសរសេរនៅសារនៅលើគណនីយធ្វីតទឺរ របស់លោក ដោយបានរិះគន់យ៉ាងខ្លាំង ទៅលើគោលនយោបាយចុងក្រោយ អនុវត្តន៍ដោយរដ្ឋាភិបាលឥណ្ឌា ដែលក្រោយពីដកស្វ័យភាពរបស់តំបន់កាស្មៀរហើយ បានដាក់ពង្រាយកងទ័ពប្រមាណជា ៨ ០០០ នាក់ ដើម្បីបង្ក្រាបចលនាបះបោរប្រឆាំង ។

គួរជ្រាបដែរថា បើតាមអ្នកស្រុកម្នាក់ រស់នៅក្នុងតំបន់កាស្មៀរ ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌា សម្រេចយកតំបន់ការស្មៀរមកគ្រប់គ្រងវិញកាលពីថ្ងៃទី ៨ សីហា រហូតមកដល់ពេលេនេះ មានការក្រោកឈរប្រឆាំងតវ៉ាចំនួន ៣ លើកមកហើយ ពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាមរាប់សិបនាក់ ។ ក៏ប៉ុន្តែ រាល់ការប្រឆាំងតវ៉ាទាំងនោះ ត្រូវបានបង្ក្រាបទៅវិញ ដោយកងទ័ពឥណ្ឌា ដែលឈរជើងប្រចាំការ នៅទីនោះរាប់ពាន់អ្នក ដោយការបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែក និងដំបង ។

រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចបញ្ជូនសព្វាវុធ និងយន្តហោះចម្បាំង ជាច្រើនគ្រឿង ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា ក្នុងពេលប្រឈមមុខតានតឹងដាក់គ្នានៅកាស្មៀរ​ ក្រោយពេលឥណ្ឌាដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នោះ ។

សារព័ត៌មាន​ ANI ​បានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភីបាលឥណ្ឌា បានឲ្យដឹងថា កម្លាំងទាហានការពារព្រំដែន បានប្រទះឃើញមានយន្តហោះដឹកជញ្ជូន​៣គ្រឿង​ប្រភេទ C-130​របស់ទាហានអាកាស់ប៉ាគីស្ថាន ដឹកអាវុធ ទៅកាន់ទីតាំងទាហានអាកាសនៅក្នុងតំបន់​ Skardu ​ជិតព្រំដែននៅក្នុងរដ្ឋ Ladakh ​របស់ឥណ្ឌា ។

ប្រភពព័ត៌មានបានឲ្យដឹងថា អាវុធដែលប៉ាគីស្ថានបានបញ្ជូនមកព្រំដែន គឺដើម្បីបំពាក់នៅលើយន្តហោះចម្បាំង ដើម្បីទៅវាយប្រហារលើគោលដៅនានា ។ ជាមួយគ្នានោះប៉ាគីស្ថាន និងដាក់ពង្រាយយន្តហោះ ចម្បាំង​ JF-17​នៅទីតាំង Skardu ​ផងដែរ​ ។

ក្រុមចារកម្មឥណ្ឌាបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលរបស់ប៉ាគីស្ថាននៅតាមបណ្តោយព្រំដែន ពិសេសគឺការដាក់ពង្រាយអាវុធ ។ ​ការប្រឈមមុខតានតឹងដាក់គ្នារវាងប្រទេសទាំងពីរ កាន់តែខ្លាំងឡើង​ក្រោយពេលដែល រដ្ឋាភិបាលឥណ្ឌាបានដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅតំបន់កាស្មៀរ​ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi ​បានចោទប្រកាន់ប៉ាគីស្ថានថា ឆ្លៀតយកផលប្រយោជន៍ពីស្វ័យភាពរបស់កាស្មៀរដើម្បីញុះញង់ប្រជាជនប្រឆាំង និងទីក្រុងញូវដែលី ។ ​លោក​​ Modi ​សម្រេច​ដកសិទ្ធិស្វ័យភាព​នៅកាស្មៀរគឺដើម្បី​ទប់ស្កាត់ការវាយប្រហារភេរវកម្ម ដែលផ្តួចផ្តើមពីប៉ាគីស្ថាន ។

ហេតុផលដែលធ្វើឲ្យកាស្មៀរនៅតែជាតំបន់ចម្រូងចម្រាសខ្លាំងរវាងឥណ្ឌា និងប៉ាគីស្ថាន

តំបន់ហិម៉ាឡៃនៃកាស្មៀរ បានក្លាយជាតំបន់ខណ្ឌចែកប្រទេសឥណ្ឌា និងប៉ាគីស្ថាន តាំងតែពីប្រទេសមហាអំណាចនុយក្លេអែរទាំងពីរ ទទួលបានឯករាជ្យភាពពីប្រទេសអង់គ្លេសនាឆ្នាំ ១៩៤៧ មកម្ល៉ោះ ។ បន្ទាប់ពីទទួលបានឯករាជ្យ រហូតមកទល់ និងបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែបានអះអាងរៀងៗខ្លួនថា កាស្មៀរ ជាទឹកដីរបស់ពួកគេ ។ ក៏ប៉ុន្តែ តាមធាតុពិតជាក់ស្តែង ប្រទេសក្បែរខាងទាំងពីរ គ្រប់គ្រងដែនដីនៃតំបន់កាស្មៀរត្រឹមតែផ្នែកខ្លះៗប៉ុណ្ណោះ ។ វាមានន័យថា គ្មានប្រទេសណាមួយ មានសិទ្ធិគ្រប់គ្រងដែនដីកាស្មៀរ ទាំងអស់ផ្តាច់មុខតែឯកឯងនោះទេ ។

ដោយឡែក រឿងដ៏គួរឲ្យកត់សម្គាល់នោះគឺថា ប្រជាជនរស់នៅក្នុងតំបន់កាស្មៀរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ។ ហេតុដូចនេះហើយ ជាញឹកញយ ជម្លោះ និងចលនាទាមទារផ្តាច់ខ្លួនតែងតែកើតមាន ក្នុងតំបន់កាស្មៀរ នៅខាងឥណ្ឌា ដែលភាគច្រើនមានប្រជាជនជាអ្នកកាន់សាសនាហិណ្ឌូនៅទូទាំងប្រទេស ។ ភាពវឹកវរ និងអសន្តិសុខ បែបនេះជាប្រចាំនៅក្នុងតំបន់ បានបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ហើយ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ។

នៅគ្រាកន្លងមក រដ្ឋាភិបាលឥណ្ឌា តែងបានចោទប្រកាន់ថា រដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកគាំទ្រក្រុមបះបោរ ក៏ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ តែងតែទាត់ចោលរាល់ការចោទប្រកាន់របស់ឥណ្ឌាទាំងអស់ ។

សូមរំឮកជូនដែរថា បើយោងតាមមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញឥណ្ឌា រដ្ឋចាមមួ និងកាស្មៀរ មានស្វ័យភាពពិសេស ដើម្បីបង្កើតច្បាប់ផ្ទាល់ខ្លួន និងមានទំនាក់ទំនងស្មុគស្មាញជាមួយរដ្ឋាភិបាលឥណ្ឌា អស់រយៈពេលប្រហែលជា ៧០ ឆ្នាំមកហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌាកាលពីសប្តាហ៍មុន បានសម្រេចដកហូតសិទ្ធិស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ ។ ជាហេតុធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ កើនកម្តៅខ្លាំង ដូចភ្នំភ្លើងកំពុងតែចង់ផ្ទុះអីចឹងដែរ៕


ចែករំលែក៖