កាលពីចុងសប្តាហ៍ អណ្តូងរ៉ែមាសដែលដំណើរការខុសច្បាប់មួយនៅភាគខាងជើងប្រទេសអង់ហ្គោឡាបានដួលរលំ ដោយបានសម្លាប់អ្នករុករករ៉ែមាសយ៉ាងហោចណាស់ ២៨ នាក់។ ស្ទើរតែពាក់កណ្តាលនៃពួកគេមកពីគ្រួសារតែមួយ។
ប៉ូលីសនៅខេត្ត Bengo ភាគឦសាននៃរដ្ឋធានី Luanda បាននិយាយថា ពួកគេបានរកឃើញសាកសពមនុស្ស ២៨ នាក់ដែលមានអាយុពី ១៨ ទៅ ៤៥ ឆ្នាំ បន្ទាប់ពីការបាក់ស្រុតបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែឧសភា ម៉ោងក្នុងស្រុក។ យោងតាមក្រុមអ្នកជួយសង្គ្រោះ ១៣ នាក់ក្នុងចំណោមអ្នកស្លាប់ជាសមាជិកក្នុងគ្រួសារតែមួយ។ អាជ្ញាធរនៅតែកំពុងស្វែងរកសាកសពផ្សេងទៀត។
រ៉ែពេជ្រ និងរ៉ែមាសរបស់ប្រទេសអង់ហ្គោឡាបានទាក់ទាញមនុស្សរាប់ពាន់នាក់ រួមទាំងមកពីប្រទេសជិតខាងផងដែរ ឲ្យមកជីកយករ៉ែដោយខុសច្បាប់។ មន្ត្រីនៅ Bengo ប៉ាន់ប្រមាណថាមានអ្នករុករករ៉ែមាសខុសច្បាប់ប្រហែល ៧០០០ នាក់នៅក្នុងខេត្តនេះ៕ ដោយ៖ ធីរីណា

រូបថត៖ tintuc
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច