ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអ្នកបើកបររថយន្តបន្លំយកទូរស័ព្ទ ទំនើប១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើកបររថយន្តម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនពាក់ព័ន្ធករណីបន្លំយកទូរស័ព្ទស៊េរីទំនើប១គ្រឿង ដែលជនរងគ្រោះផ្ញើតាមរថយន្តតាក់ស៊ីទៅឲ្យបងប្អូននៅខេត្តស្វាយរៀង តែត្រូវអ្នកបើកបររថយន្តបន្លំយក ១ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។

ករណីឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឌៀន សាវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើក រថយន្តតាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ ។ ទូរស័ព្ទដែលជនសង្ស័យបន្លំយកចេញពីក្នុងប្រអប់ម៉ាក Oppo Find-X តម្លៃ៨៩០ដុល្លារ ។

ជនរងគ្រោះឈ្មោះ ពុំ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលផ្លូវលេខ១០៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកទូរស័ព្ទដៃស៊េរីទំនើប (Smart Phone) ០១គ្រឿង ម៉ាកOppo Find-X ពណ៌ទឹកសមុទ្រដែលមានតម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់ រុំស្គុតប្លាស្ទិកពណ៌លឿង រួចយកមកផ្ញើជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ី​ ក្នុងតម្លៃ ៥០០០រៀល ជាថ្លៃផ្ញើយកឲ្យបងប្អូននៅខេត្តស្វាយរៀង រួចជនសង្ស័យក៏យកទូរស័ព្ទពីជនរងគ្រោះទុក ។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះទាក់ទងទៅសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃនោះទេ រួចជនរងគ្រោះក៏ដើររកជនសង្ស័យតែមិនឃើញ ។ លុះដល់វេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ដែលជាអ្នកបើកបររថយន្ត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ និងចាត់ការតាមច្បាប់តែម្ដង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ធ្វើការឃាត់ខ្លួនពីបទ រំលោភលើទំនុកចិត្ត (ទទួលផ្ញើទូរស័ព្ទដៃ មិនយកឲ្យគេ) និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តនីតិវិធី ៕ សណ្តោស


ចែករំលែក៖