ព័ត៌មានទាន់ហេតុការណ៍៖

ខឹងរឿងគេនិយាយដើមគ្រួសារគាត់ថា រកស៊ីគ្មានសល់លុយ គិតតែលេងល្បែង ទាញកៅអីវាយសន្លប់ស្តូក រីឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទួលទំពូង១ ខណ្ឌចំការមន បានឃាត់ខ្លួនបុរសម្នាក់ជាបុគ្គលិកសណ្ឋាគារ ខណៈដែលមានទំនាស់ពាក្យសម្តីបង្កជាហិង្សាវាយបុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូមួយកៅអីបណ្ដាលឲ្យសន្លប់ស្តូកស្ដឹង ព្រោះតែខឹងរឿងគេនិយាយដើមគ្រួសារគាត់ថារកស៊ីគ្មានសល់លុយ គិតតែលេងល្បែង ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទល់មុខផ្ទះលេខ ៨២ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

បុរសដៃដល់ឈ្មោះ ហុង សាន ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះឈ្មោះ គង់ កៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅផ្ទះលេខ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីបុរសជនដៃដល់ បានឲ្យដឹងថា មុននឹងឈានទៅដល់ការប្រើហិង្សា គឺគាត់ខឹងជនរងគ្រោះរឿងនិយាយដើមគ្រួសារគាត់ថារកស៊ី អត់សល់ ដោយសារតែលេងល្បែង លុះពេលឮបែបនេះ គាត់ក៏បានទៅប្រាប់ជនរងគ្រោះថា «កុំចេះដឹងរឿងគ្រួសាររបស់ខ្ញុំ» ស្រាប់តែជនរងគ្រោះ ស្រវឹងបានវាយទៅលើគាត់ មិនតែប៉ុណ្ណោះមានទាំងប្រុសមានទាំងស្រីមកព្រួតវាយគាត់បន្ថែមទៀត ទើបគាត់ការពារខ្លួនក៏បានទាញកៅអីវាយទៅវិញ បណ្តាលអោយជនរងគ្រោះ រងរបួសបែកមាត់សន្លប់ស្តូកស្ដឹង ។

បើតាមសម្តីក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានឲ្យដឹងដែរថា ជនរងគ្រោះ និងជនបង្កសុទ្ធតែជាអ្នកស្គាល់គ្នា ហើយធ្លាប់រស់នៅជាមួយគ្នាទៀតផង តែដោយសារតែខាងក្រុមគ្រួសាររបស់ពួកគាត់ ប្រើពាក្យសម្តីមិនសមរម្យ ទើបធ្វើឲ្យជនបង្កខឹង រហូតទំនាស់ពាក្យសម្តីគ្នា ទើបឈានទៅដល់ការប្រើហិង្សា បណ្តាលអោយជនរងគ្រោះរងរបួសសន្លប់បែបនេះ ភ្លាមនោះផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនជនបង្ក យកទៅសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ តែម្តង ។

ក្រោយកើតហេតុ បន្ទាប់ពីសាកសួររួច ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចំណែកជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖